នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ជិតឈានចូលមកដល់នាពេលខាងមុខនេះ មានប្រជាពលរដ្ឋខ្មែរកាត់សែចិនបាននាំគ្នាអញ្ជើញទៅធ្វើពិធីសែនកាត់ឆុង កាត់គ្រោះផ្សេងៗ សុំសេចក្តីសុខចម្រើនក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ នៅរោងវិហារអ្នកតាចិន លោកតាព្រះចៅ នៃទីតាំងរមណីយដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ។
ពលរដ្ឋថ្លែងប្រាប់ BTV នៅថ្ងៃទី១ ខែកុម្ភៈថា ការនាំគ្នាមកធ្វើពិធីសែនកាត់ឆុង កាត់គ្រោះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាមជិតឈានមកដល់ខាងមុខនេះ គឺពលរដ្ឋបានធ្វើជាទម្លាប់រៀងរាល់ឆ្នាំ។ ការសែនកាត់គ្រោះនេះ ពលរដ្ឋបានទិញគ្រឿងសែន ធូបទៀន សាច់ជ្រូកបីជាន់ ពងទា២គ្រាប់ ក្រដាស់សែនកាត់ឆុង និងផ្លែឈើនានា យកទៅថ្វាយទេវរាជ លោកតាព្រះចៅក្រុង ដាក់មាត់រូបសំណាកខ្លា ទៅតាមលទ្ធភាព និងតាមសទ្ធារបស់ខ្លួន។ ការធ្វើពីធីសែននេះ ពលរដ្ឋក៏បានបួងសួងសុំឲ្យមានការខិតខំប្រកបរបរការងារ ការធ្វើអាជីវកម្ម រកស៊ីនានាក្នុងឆ្នាំថ្មីនេះមានការរីកចម្រើន ជោគជ័យផងដែរ។
លោក ចាន់ វឿន តំណាងអ្នករៀបចំដឹកនាំពិធីសែន នៅរមណីយដ្ឋានវត្តភ្នំ បានឱ្យដឹងថា ពលរដ្ឋដែលមកធ្វើពិធីសែននៅទីនេះ គឺមានអ្នកខ្លះមកធ្វើពិធីសែនកាត់ឆុង កាត់គ្រោះ ទៅតាមឆ្នាំកំណើតរបស់ពួកគេ ហើយខ្លះទៀត ក៏បានមកធ្វើពិធីសែន អរគុណអ្នកតាចិន ដែលបានជួយឱ្យរកស៊ីមានបានក្នុងឆ្នាំកន្លងមកផងដែរ។
សូមជម្រាបថាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាម នឹងឈានចូលមកដល់នៅសប្តាហ៍ក្រោយនេះ ហើយការធ្វើពិធីបួងសួងសែនកាត់ឆុងក្នុងឱកាសថ្ងៃឆ្លងឆ្នាំថ្មីនេះ ក្រៅពីរមណីយដ្ឋានវត្តភ្នំ គេក៏សង្កេតឃើញមាននៅតាមរោងអ្នកតាចិននានាផ្សេងទៀតដែរ ជាពិសេសនៅរោងអ្នកតាចិននៅក្រុងតាខ្មៅ ខេត្តកណ្តាល ក៏មានពលរដ្ឋអញ្ជើញទៅធ្វើពិធីសែនដូចគ្នានេះ តែមិនសូវមានមនុស្សចូលរួមច្រើនកុះករដូចនៅរមណីយដ្ឋានវត្តភ្នំនេះទេ៕ អត្ថបទ៖ ស៊ុម សុខជា
