
ក្រុមមេដឹកនាំសហភាពអឺរ៉ុប បានជួបពិភាក្សាគ្នាក្នុងក្រុងព្រុចសែលនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិគ្រោះយោបល់នៅនាទីចុងក្រោយ។
រូបថតមួយសន្លឹកដែលបង្ហោះលើគណនីបណ្ដាញព័ត៌មានសង្គមX របស់ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក ឆាល មីសែល បានបង្ហាញពីក្រុមមេដឹកនាំបារាំង អាល្លឺម៉ង់ អ៊ីតាលី និងហុងគ្រី បានអង្គុយជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកមីសែល និងប្រធានគណៈកម្មាការអឺរ៉ុប លោកស្រី អ៊ួស៊ូឡា វ៉ុន ឌើរ
លេយេន ដោយស្ថិតនៅក្រោមអក្សរដែលសរសេរថា ការពិគ្រោះយោបល់នៅតែបន្ដ។
ក្រុមមេដឹកនាំសហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ កំពុងស្វែងរកការបញ្ចុះបញ្ចូលនាយករដ្ឋមន្រ្ដីប្រទេសហុងគ្រីលោក វីកទ័រ អ័របាន់ (Viktor Orban) ដើម្បីអោយចូលរួមផែនការផ្ដល់ហិរញ្ញវត្ថុដែលមានស្ថិរភាពទៅអោយប្រទេសអ៊ុយក្រែន ប៉ុន្ដែពួកគេក៏បានត្រៀមរួចជាស្រេចហើយនៅក្នុងការផ្ដល់ជាសាច់ប្រាក់ទៅ ក្រុងគីវដោយគ្មានប្រទេសហុងគ្រីចូលរួម ប្រសិនបើអំណះអំណាងរបស់ពួកគេមិនទទួលបានជោគជ័យ។
ផែនការនេះ គឺត្រូវផ្ដោតលើតម្រូវការរបស់អ៊ុយក្រែនក្នុងឆ្នាំ២០២៤ដល់ឆ្នាំ២០២៧ ជាមួយនឹងទឹកប្រាក់៣៣ពាន់លានអឺរ៉ូជាកម្ចី ឥណទាននិង១៧ពាន់លានអឺរ៉ូជាប្រាក់ជំនួយឥតសំណង។
ទឹកប្រាក់ទាំងនេះ បានមកពីថវិការបស់សហភាពអឺរ៉ុបផ្ដល់អោយក្រុងគីវ នូវមូលនិធិបន្ថែមដែលបានរំពឹងទុកខណៈខ្លួនកំពុងប្រយុទ្ធនឹងការវាយលុករបស់រុស្ស៊ីនោះ៕