បាល់ទាត់៖ ប្រធានក្រុម Manchester City កីឡាករប្រេស៊ីល Fernandinho បានបន្តកិច្ចសន្យាមួយឆ្នាំទៀតជាមួយក្រុមជើងឯក English Premier League ទោះឈានមកដល់វ័យ ៣៦ឆ្នាំ។ Fernandinho បានមកដល់ Manchester City តាំងពីឆ្នាំ២០១៣ ពីក្លិបអ៊ុយក្រែន Shakhtar Donetsk ដោយឈ្នះជើងឯក English Premier League ៤លើក និង EFL Cup ៤លើក។

កីឡាករវ័យ ៣៦ឆ្នាំរូបនេះក៏ជាសមាជិករបស់ Manchester City ដែលបានចូលលេងពេលចាញ់ Chelsea នៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League កាលពីខែមុនផងដែរ។ Fernandinho បង្ហាញខ្លួនអោយ Manchester City សរុប ៣៥០លើកតាំងពីមកដល់ Etihad Stadium ៨ឆ្នាំមុនរកបាន ២៤គ្រាប់។ Fernandinho ទទួលបានតំណែងប្រធានក្រុមកាលពីខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីការចាកចេញរបស់កីឡាករអេស្ប៉ាញ David Silva ទៅកាន់ Real Sociedad៕
អត្ថបទ៖នាង សុភាវុធ