
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែមករា) បានឲ្យដឹងថា ខ្លួនបានយល់ព្រមជាមួយប្រទេសអេហ្ស៊ីបលើផ្នែកគោលនយោបាយសំខាន់ៗនៃកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច ជាសញ្ញាមួយបន្ថែមទៀតដែលកិច្ចព្រមព្រៀងចុងក្រោយ ដើម្បីបង្កើនប្រាក់កម្ចីចំនួន ៣ពាន់លានដុល្លាររបស់ប្រទេសជិតបញ្ចប់សព្វគ្រប់ហើយ។
លោកស្រី Ivanna Vladkova Hollar ដែលជាប្រធានបេសកកម្មរបស់ IMF ប្រចាំអេហ្ស៊ីប បាននិយាយថា ភាគីទាំង២ បានធ្វើឲ្យមាន «ដំណើរការយ៉ាងប្រសើរអស្ចារ្យ» ជុំវិញការពិភាក្សាអំពីកញ្ចប់គោលនយោបាយដ៏ទូលំទូលាយ ដោយអាចចាប់ផ្តើមការពិនិត្យឡើងវិញដែលពន្យារពេលជាយូរមកហើយនៃកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសនេះ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នោះ នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បាននិយាយថា មូលនិធិ និងអេហ្ស៊ីប កំពុងស្ថិតក្នុងរយៈពេលនៃ«ការចរចាចុងក្រោយបំផុត» ដើម្បីបង្កើនកម្មវិធីប្រាក់កម្ចីចំនួន ៣ពាន់លានដុល្លាររបស់ប្រទេសនេះ។
គួរបញ្ជាក់ថា រយៈពេល ២សប្តាហ៍ចុងក្រោយ ប្រទេសអេហ្ស៊ីបបានពិភាក្សាជាមួយ IMF ដើម្បីស្តារ និងពង្រីកកិច្ចព្រមព្រៀងប្រាក់កម្ចីដែលត្រូវបានចុះហត្ថលេខាក្នុងខែធ្នូ ឆ្នាំ២០២២។ ការផ្តល់ប្រាក់កម្ចីរបស់ IMF ត្រូវបានផ្អាកកាលពីឆ្នាំមុន បន្ទាប់ពីអេហ្ស៊ីបមិនបានធ្វើតាមការសន្យា ក្នុងការអនុញ្ញាតឲ្យប្រាក់ផោនអេហ្ស៊ីបប្រែប្រួលតាមស្ថានភាពទីផ្សារ ហើយជំនួសមកវិញធ្វើឲ្យតម្លៃប្រាក់នៅថេរធៀបនឹងប្រាក់ដុល្លារ ក្នុងខែមីនា៕