
មនុស្សរាប់ម៉ឺននាក់បានចូលរួមការប្រមូលផ្តុំគ្នា នៅទូទាំងប្រទេសស្លូវ៉ាគី កាលពីថ្ងៃព្រហស្បតិ៍ (ទី១ ខែកុម្ភៈ) ដើម្បីប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលនៃនាយករដ្ឋមន្ត្រី លោក Robert Fico ក្នុងការលុបចោលការិយាល័យ ដែលស៊ើបអង្កេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុធំៗ ក្នុងនោះរួមទាំងករណីជិតស្និទ្ធនឹងនាយករដ្ឋមន្ត្រីផងដែរ។
ដោយស្រែកថា «ល្មមហើយលោក Fico» និងកាន់បដាសរសេរថា «កុំរំខានប្រជាធិបតេយ្យរបស់យើង» ក្រុមអ្នកតវ៉ាបាននាំគ្នាមកកកុញពេញទីលានដ៏សំខាន់របស់ទីក្រុង Bratislava (ប្រាទីស្លាវ៉ា)។ បាតុកម្មស្រដៀងគ្នានេះ ក៏បានកើតឡើងនៅទូទាំងប្រទេស ហើយជាបាតុកម្មដ៏ធំបំផុតដែលត្រូវបានឃើញ គិតចាប់តាំងពីការប្រមូលផ្តុំគ្នាជិតមួយសប្តាហ៍ បានចាប់ផ្តើមនៅដើមខែធ្នូ ប្រឆាំងនឹងកំណែទម្រង់រដ្ឋាភិបាល ដែលរួមមានការបិទការិយាល័យអយ្យការពិសេសផងដែរ។
សូមបញ្ជាក់ថា រដ្ឋាភិបាលឆ្វេងនិយមរបស់លោក Fico ឲ្យដឹងថា កំណែទម្រង់ដែលបានគ្រោងទុករបស់ខ្លួន ដែលនឹងកំណត់ផងដែរនូវការការពារ ចំពោះប្រភពអ្នកផ្តល់ព័ត៌មាន និងកាត់បន្ថយការកាត់ទោស ចំពោះឧក្រិដ្ឋកម្មហិរញ្ញវត្ថុនោះ គឺជាភាពចាំបាច់ ដើម្បីបញ្ចប់នូវអ្វីដែលខ្លួនហៅថា ទៅហួសព្រំដែនរបស់ការិយាល័យអយ្យការពិសេស នៅពេលដែលលោក Fico ស្ថិតនៅក្នុងគណបក្សប្រឆាំង។
តែយ៉ាងណាក្ដី រដ្ឋាភិបាលរបស់លោកមិនបានបញ្ជាក់ឲ្យបានច្បាស់នោះឡើយថា អាជ្ញាធរណានឹងដោះស្រាយឧក្រិដ្ឋកម្មហិរញ្ញវត្ថុ នៅពេលដែលការិយាល័យអយ្យការពិសេសត្រូវបានលុបចោល។ រដ្ឋាភិបាលកំពុងស្វែងរកការកែទម្រង់យ៉ាងឆាប់រហ័ស ដោយកាត់បន្ថយការជជែកដេញដោលក្នុងសភា ហើយអាចអនុញ្ញាតឲ្យមានការបោះឆ្នោតនៅសប្តាហ៍ក្រោយលើផែនការ ដែលបានធ្វើឲ្យមានពីការព្រមានកាន់តែខ្លាំងពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក៕