វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់អាមេរិក Serena Williams ក្តីសង្ឃឹមស្វែងរកពាន Grand Slam លើកទី២៤ អោយស្មើនឹងកំណត់ត្រារបស់ Margaret Court បានរលាយសាបសូន្យសារជាថ្មី បន្ទាប់មានរបួសបង្ខំចិត្តដើរចេញពីការប្រកួតជុំទី១ Grand Slam, Wimbledon។
Serena Williams ដែលនាំមុខការប្រកួតហ្គេមទីមួយ ៣-១ ទៅហើយនោះបានរអិលជើងដួល ធ្វើឱ្យមានរបួស តែបង្ខំចិត្តប្រកួតបន្តរហូតគូប្រកួតកីឡាការិនី Aliaksandra Sasnovich តាមស្មើវិញ ៣-៣ តែមិនអាចទ្រាំទ្របានក៏បង្ខំចិត្តដកខ្លួនពីការប្រកួតត្រឹមនេះ ជាមួយនឹងការសោកស្តាយ និងស្រក់ទឹកភ្នែក។ ទីលានប្រកួត Center Court នេះមិនមែនតែ Serena Williams ទេដែលរអិលដួល ពោលគឺកីឡាករអ៊ីតាលី Adrian Mannarino ក៏មានរបួសដូចនឹង Serena Williams ដែររហូតបង្ខំចិត្តបោះបង់ការប្រកួតពេលជួបជាមួយ Roger Federer។
សូមបញ្ជា្កក់ថា Serena Williams មុន Wimbledon មកដល់នេះក៏បានបញ្ជាក់ពីការមិនចូលរួមការប្រកួតអូឡាំពិករដូវក្តៅទីក្រុងតូក្យូផងដែរ។ Serena Williams ធ្លាប់ឈ្នះមេដាយមាសអូឡាំពិកពីរកាលពីឆ្នាំ២០១២ នៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស លើវិញ្ញាសាប្រកួតឯកត្តជន និងវាយគូ ខណៈមេដាយមាស ២ ទៀតនាងបានឈ្នះនៅអូឡាំពិកទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីឆ្នាំ២០០០ និងឆ្នាំ២០០៨ នៅទីក្រុងប៉េកាំងប្រទេសចិន៕
អត្ថបទ៖នាង សុភាវុធ