
ក្រសួងសុខាភិបាលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាបាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់ពីការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាបានហក់ឡើងដល់ ២៧.២៣៨ នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងនេះបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១០៧ នាក់ និងរងរបួសចំនួន ១៦៥ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យអ្នករងរបួសសរុបកើនឡើងដល់ ៦៦.៤៥២ នាក់។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា កងទ័ពអ៊ីស្រាអែលបានវាយប្រហារតាមអាកាសនៅព្រឹកព្រលឹមទៅលើ កណ្ដាលទីក្រុង ឌៀ អាល់ បាឡា (Deir al-Balah)និងទីក្រុង Rafah ភាគខាងត្បូងក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៨ នាក់។
កងពលតូច អាល់ កាសាម (Al-Qassam)ដែលជាស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃដដែលថា ការប្រយុទ្ធគ្នានៅតែបន្តជាមួយកងកម្លាំងអ៊ីស្រាអែលនៅទីក្រុងហ្កាហ្សា ហើយកងកម្លាំងប្រដាប់អាវុធរបស់ពួកគេបានវាយប្រហារដាក់គោលដៅលើអ៊ីស្រាអែលដោយកាំភ្លើងត្បាល់។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡិន (Yoav Galant) បាននិយាយនៅថ្ងៃដដែលនោះថា កងទ័ពអ៊ីស្រាអែលកំពុងឆ្ពោះទៅកាន់ទីក្រុង Rafah ភាគខាងត្បូង តំបន់ហ្កាហ្សា៕