
លោកប្រធានាធិបតីប្រទេសណាមីប៊ី ហាកេ ហ្គេនហ្កូប (Hage Geingob) បានទទួលមរណភាពនៅពេលទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងរដ្ឋធានី វីន ហូក (Windhoek)។
អនុប្រធានាធិបតីលោក ណានហ្គូឡូអឹមបាំបា(Nangolo Mbumba)បានប្រកាសថា លោក ហ្គេនហ្កូប (Geingob)បានទទួលមរណភាពនៅព្រឹកថ្ងៃអាទិត្យទី៤ខែកុម្ភៈ។
លោក អឹមបាំបា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្បែរសព គឺជាភរិយាជាទីស្រឡាញ់របស់លោក ស្ត្រីទី១ មូនីកាហ្គេនហ្កូស (Monica Geingos) និងកូនៗរបស់លោក ។
មេដឹកនាំវ័យ៨២ឆ្នាំ រូបនេះត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក ហើយបានបង្ហាញការធ្វើរោគវិនិច្ឆ័យរបស់លោកជាសាធារណៈកាលពីខែមុន។
ការិយាល័យរបស់លោកបានប្រកាសថារូបលោកបានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីព្យាបាល ប៉ុន្តែលោកវិលត្រឡប់ទៅប្រទេសណាមីប៊ី វិញ កាលពីថ្ងៃទី ២ ខែកុម្ភៈ។
លោក ហ្គេនហ្កូប បានក្លាយជាប្រធានាធិបតីកាលពីឆ្នាំ២០១៥ ហើយកំពុងបម្រើការអាណត្តិទីពីរ និងចុងក្រោយរបស់នៅក្នុងតំណែងជាប្រធានាធិបតី។
លោកបានទទួលការវះកាត់សរសៃឈាមកាលពីឆ្នាំមុន ហើយកាលពីឆ្នាំ ២០១៤ លោកបានបង្ហាញថារូបលោកបានរស់រានមានជីវិតពីជំងឺមហារីកក្រពេញប្រូស្តាត។
ប្រទេសណាមីប៊ី គ្រោងនឹងរៀបចំការបោះឆ្នោតប្រធានាធិបតី និងសភា ក្នុងខែវិច្ឆិកាឆ្នាំនេះ។
គណបក្ស ស្វាផូ (Swapo)ដែលកំពុងកាន់អំណាចតាំងពីឯករាជ្យនៅឆ្នាំ ១៩៩០ មក បានជ្រើសរើសលោកស្រីណានឌី ដេតវ៉ា( Nandi-Ndaitwah) ជាបេក្ខជនប្រធានាធិបតីរបស់ខ្លួន។
បច្ចុប្បន្នលោកស្រី ក៏ជាឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសណាមីប៊ីផងដែរ ហើយនឹងក្លាយជាប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេសនេះ ប្រសិនបើលោកស្រីឈ្នះឆ្នោត៕