ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យក្រសួងសុខាភិបាលដាក់ការព្យាបាលនៅដាច់ ដោយឡែកពីគេចំពោះអ្នកឆ្លងកូវីដ១៩ ប្រភេទបំប្លែងខ្លួនថ្មី។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ចេញពីក្រុងតាខ្មៅនៃកិច្ចប្រជុំគណៈកម្មការជាតិប្រយុទ្ធ ប្រឆាំងកូវីដ១៩ សម្តេចបានមានប្រសាសន៍ថា វិធានការទី៤ នៅក្នុងយុទ្ធសាស្ត្រទី១ គឺដាក់ឲ្យព្យាបាលនៅដាច់ដោយឡែកសម្រាប់អ្នកវិជ្ជមានកូវីដបំប្លែងខ្លួនថ្មី ហើយការធ្វើចត្តាឡីស័កក៏ត្រូវធ្វើរហូតដល់ម្ភៃមួយថ្ងៃ។
ទាក់ទងនឹងការឆ្លងមេរោគកូវីដ១៩ ជាពិសេសមេរោគបម្លែងខ្លួនថ្មី សម្តេចក៏បានអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសថៃ សូមកុំមានការព្រួយបារម្ភពេក ព្រោះកម្ពុជាបានសហការជាមួយភាគីថៃរួចហើយ ខាងភាគីថៃឯកអគ្គរាជទូតថៃ បានធ្វើការជាមួយក្រសួងការបរទេសកម្ពុជា ព្រោះអ្នកដែលមានការងារធ្វើស្របច្បាប់ គឺអត់មានការភ័យខ្លាចទេ ប៉ុន្តែ បើទៅធ្វើការមិនស្របច្បាប់ ទាំងថៅកែ និងកម្មករគឺសុទ្ធតែភ័យ ប៉ុន្តែ ភាគីថៃគេបានបញ្ជាក់ហើយថា នៅពេលដែលគេរកឃើញគឺគេមិនដាក់ទោសទណ្ឌទេ ផ្ទុយទៅវិញគេចុះឈ្មោះឲ្យធ្វើការស្របច្បាប់តែម្តង៕