រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយថា យុទ្ធជនហាម៉ាសប៉ាឡេស្ទីន មិនមានសុវត្ថិភាពពីកងកម្លាំងអ៊ីស្រាអែលគ្រប់ទីកន្លែងក្នុងតំបន់ហ្កាហ្សា រួមទាំងនៅតំបន់ចុងក្រោយ ដូចជាទីក្រុងរ៉ាហ្វា ភាគខាងត្បូង ជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែល មិនទាន់ត្រូវបានដាក់ពង្រាយ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងតែលអាវីវ (Tel Aviv) កាលពីថ្ងៃចន្ទថា៖«ភេរវករណាដែលលាក់ខ្លួននៅទីក្រុងរ៉ាហ្វា (Rafah) គួរតែដឹងថា លោកនឹងបញ្ចប់ដូចអ្នកដែលនៅទីក្រុងខាន់យូនីស (Khan Younis) និង ទីក្រុងហ្កាហ្សាដែរ។

លោកហ្គាឡែនធ៍ បាននិយាយសំដៅទៅលើការពិតដែលថា កងទ័ពបានវាយកម្ទេចអង្គភាពប្រយុទ្ធរបស់ក្រុមហាម៉ាសជាច្រើន នៅក្នុងទីក្រុងហ្កាហ្សា និង ខាន់យូនីស ដោយបានសម្លាប់យុទ្ធជនរាប់ពាន់នាក់។
លោកបាននិយាយថា៖«ពាក់កណ្តាលនៃភេរវករហាម៉ាស បានស្លាប់ ឬរបួសយ៉ាងធ្ងន់ធ្ងរ» ជាមួយនឹងកងវរសេនាតូចហាម៉ាសចំនួន ១៨ ត្រូវបានបញ្ជូនចេញ ហើយលែងមានជាអង្គភាពប្រយុទ្ធទៀតហើយ។
លោកហ្គាឡែនធ៍ បាននិយាយជាលើកដំបូងអំពីការរុលចូលទៅមុខរបស់កងទ័ពដែលអាចធ្វើទៅបាននៅទីក្រុងរ៉ាហ្វា នៅថ្ងៃសុក្រ។
ទីក្រុងរ៉ាហ្វា ជាកន្លែងដែលមនុស្សប្រហែល 200.000 នាក់ បានរស់នៅមុនសង្រ្គាមនោះ បច្ចុប្បន្ននេះមានប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់ ដែលបានភៀសខ្លួនចេញពីការប្រយុទ្ធគ្នាពីផ្នែកផ្សេងទៀតនៃ តំបន់ហ្កាហ្សាស្ទ្រីប។
