បាល់ទាត់៖ ក្លិប Tottenham Hotspur ទីបំផុតរកអ្នកចាត់ការថ្មីបានហើយគឺអតីតអ្នកចាត់ការ Wolverhampton លោក Nuno Espirito Santo។ លោក Nuno បានចាកចេញពី Wolves កាលពីខែឧសភាកន្លងទៅក្រោយចំណាយពេល ៤រដូវកាលដ៏ជោគជ័យជាមួយ Wolves។
Spurs បានបណ្តេញចេញអ្នកចាត់ការលោក Jose Mourinho តាំងពីខែមេសា និងតែងតាំងលោក Ryan Mason វ័យត្រឹម ២៩ ឱ្យដឹកនាំដល់ចប់រដូវកាលមុន។ ការងាររបស់លោក Nuno នៅ Spurs នឹងមិនត្រូវរង់ចាំយូរឡើយដើម្បីជួបក្រុមចាស់ ពោលគឺ Spurs នឹងត្រូវជួប Wolves នៅសប្តាហ៍ទី២ រដូវកាលថ្មី English Premier League។ លោក Nuno Espirito Santo បច្ចុប្បន្នវ័យ ៤៧ឆ្នាំបានចាកចេញពី Wolves កាលពីខែឧសភាកន្លងទៅក្រោយដឹកនាំក្រុម ៤ឆ្នាំ។ ឆ្នាំដំបូងជាមួយ Wolves លោកបានដឹកនាំក្រុមឡើងមក English Premier League ក្រោយមក Wolves បានលេខ៧ នៅ Premier League ២រដូវកាលជាប់គ្នា ខណៈរដូវកាលចុងក្រោយកន្លងទៅថ្មីៗនេះបានលេខ ១៣។
សូមបញ្ជាក់ថា មុននឹងតែងលោក Nuno នេះ Spurs បានធ្វើទំនាក់ទំនងអ្នកចាត់ការជាច្រើននាក់តែមិនជោគជ័យ ដោយដំបូងឡើយគឺលោក Julian Nagelsmann ដែលជ្រើសរើស Bayern Munich បន្ទាប់មកគឺគ្រូ Ajax, Eric ten Hag បន្តគឺគ្រូ Leicester, Brendan Rodgers ហើយចរចាយក Mauricio Pochettino ពី PSG មកវិញ។ តមក Spurs ក៏ទាក់ទង Antonio Conte តែមិនជោគជ័យ ក៏បន្តចរចាយកអតីតគ្រូ Roma, Paulo Fonseca ក៏នៅតែមិនជោគជ័យ៕
អត្ថបទ៖នាង សុភាវុធ