
គណៈរដ្ឋមន្ត្រីរបស់ប្រទេសហ្ស៊ីមបាវ៉េ កាលពីថ្ងៃអង្គារ (ទី៦ ខែកុម្ភៈ) បានយល់ព្រមលុបចោលការកាត់ទោសប្រហារជីវិត បន្ទាប់ពីការជជែកពិភាក្សាជាច្រើនខែនៅក្នុងសភា ដោយជ្រើសរើសជំនួសវិញនូវដាក់ទោសជាប់ពន្ធនាគាររយៈពេលវែង សម្រាប់បទល្មើសធ្ងន់ធ្ងរបំផុត។
គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្ដីស្នើច្បាប់របស់សមាជិកសភាគ្មានតំណែងក្នុងរដ្ឋាភិបាល ដែលត្រូវបានបង្ហាញកាលពីឆ្នាំមុន នៅក្នុងរដ្ឋសភា ដើម្បីលុបចោលទោសប្រហារជីវិត ដែលជាមរតកពីច្បាប់នាសម័យអាណានិគមអង់គ្លេស។
គណៈរដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ "ដោយមើលឃើញពីតម្រូវការ ដើម្បីរក្សាធាតុរារាំងក្នុងការកាត់ទោសឃាតក គេរំពឹងថា ច្បាប់ថ្មីនឹងដាក់ទោសរយៈពេលយូរ ដោយមិនរំលោភលើសិទ្ធិរស់រានមានជីវិត។ អត្ថិភាពនៃស្ថានទម្ងន់ទោសអាចនាំឲ្យមានការផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត»។
សូមបញ្ជាក់ថា ប្រទេសហ្ស៊ីមបាវេបានអនុវត្តទោសប្រហារជីវិតចុងក្រោយ ក្នុងឆ្នាំ២០០៥។ ប្រធានាធិបតី លោក Emmerson Mnangagwa ដែលធ្លាប់ត្រូវបានដាក់ក្នុងជួរអ្នកទោសត្រូវប្រហារជីវិត អំឡុងពេលតស៊ូ ដើម្បីឯករាជ្យភាពប្រឆាំងនឹងការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស បាននិងកំពុងជំរុញឲ្យបញ្ចប់ការកាត់ទោសប្រហារជីវិត៕