ក្បួនត្រាក់ទ័ររាប់រយគ្រឿងរបស់កសិករបានប្រមូលផ្តុំគ្នាតវ៉ានៅកណ្តាលទីក្រុង បាសេឡូណា (Barcelona) កាលពីថ្ងៃពុធ (០៧ កុម្ភៈ) ហើយកសិករបានបិទផ្លូវទូទាំងប្រទេសអេស្ប៉ាញ ហើយនិងដុតសំបកកង់តាមផ្លូវ ក្នុងការតវ៉ាប្រឆាំងនឹងការចំណាយខ្ពស់ ការិយាធិបតេយ្យ និងការប្រកួតប្រជែងតម្លៃថោក ដែលបានរាលដាលចេញពីកន្លែងផ្សេងទៀតក្នុងទ្វីបអឺរ៉ុប។

នៅថ្ងៃទីពីរនៃការតវ៉ារបស់ពួកគេ ក្រុមកសិករអេស្ប៉ាញ បានរំខានចរាចរណ៍ និងជួបជាមួយអាជ្ញាធរមូលដ្ឋានដើម្បីពន្យល់ពីទុក្ខសោករបស់ពួកគេ។ អាជ្ញាធរចរាចរណ៍បាននិយាយថា ផ្លូវធំៗចំនួន ១៥ទីតាំង ត្រូវបានបិទទូទាំងប្រទេសអេស្ប៉ាញកាលពីរសៀលថ្ងៃពុធ ហើយបង្កការកកស្ទះយ៉ាងខ្លាំង។
កសិករនៅទូទាំងទ្វីបអឺរ៉ុប រួមទាំងនៅប្រទេសអាឡឺម៉ង់ បារាំង អ៊ីតាលី និងបែលហ្ស៊ិក ក៏បានធ្វើការតវ៉ាដោយហិង្សាមួយចំនួនផងដែរ ដើម្បីសម្ដែងកង្វល់របស់ពួកគេ។

ក្រុមកសិករនិយាយថាច្បាប់របស់សហភាពអឺរ៉ុបក្នុងការការពារបរិស្ថាន ធ្វើឱ្យពួកគេមានភាពប្រកួតប្រជែងខ្សោយជាងកសិករនៅក្នុងតំបន់ផ្សេងទៀតដូចជាអាមេរិកឡាទីនជាដើម។ ពួកគេក៏ត្អូញត្អែរចំពោះអ្វីដែលខ្លួននិយាយថាជាវិធានការការិយាធិបតេយ្យ ដែលដាក់បន្ទុកកាន់តែខ្លាំងលើវិស័យកសិកម្មផងដែរ៕
