ព្រះសីហនុ៖ នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ថា ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ មាននាវាទេសចរណ៍បរទេសខ្នាតយក្ស ឈ្មោះ SEA BOURN ENCORE សញ្ជាតិ BAHAMAS ផ្ទុកអ្នកដំណើរបម្រុះជាតិសាសន៍ ៩៨៥នាក់ ធ្វើដំណើរមកពីប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុ រយៈពេល ១ថ្ងៃ រួចបន្ដទៅប្រទេសវៀតណាមនៅយប់ថ្ងៃដដែល។

លោកវរសេនីយ៍ បន្ដថា បន្ទាប់ពីវិបត្ដិជំងឺកូវីដ-១៩ មាននាវាទេសចរណ៍បរទេសខ្នាតយក្ស ផ្ទុកអ្នកដំណើររាប់រយ រាប់ពាន់នាក់ បានចូលចតជាបន្ដបន្ទាប់នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ធ្វើទស្សនកិច្ចក្នុងខេត្ដព្រះសីហនុនិងក្នុងព្រះរាជាណាចក្រកម្ពុជា។ នាវាដែលចូលចតថ្ងៃនេះ បានធ្វើដំណើរមកពីប្រទេសថៃ ដែលមានផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបចំនួន ៩៧៧នាក់ ក្នុងនោះ មានភ្ញៀវទេសចរចំនួន ៥៦០ និងនាវិកសរុបចំនូន ៤២៥នាក់ ជាតិសាសន៍ដែលច្រើនជាងគេបង្អស់ គឺសញ្ជាតិអាមេរិក និងអង់គ្លេស។ ការចូលចតនាវាទេសចណ៍ បានផ្ដល់ឱកាសឱ្យភ្ញៀវទេសចរចម្រុះជាតិសាសន៍បានទស្សនាពីវឌ្ឍនភាពខេត្ដព្រះសីហនុ និងបានស្វែងយល់ពីវប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ជាមួយនិងធនធានធម្មជាតិដ៏សម្បូរបែបរបស់ខេត្ដព្រះសីហនុ។ ទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា សេដ្ឋកិច្ចពិភពលោកបានដំណើរការឡើងវិញ ក្រោមដំបូលសុខសន្ដិភាពនៅព្រះរាជាណាចក្រកម្ពុជា នឹងអាចឱ្យភ្ញៀវទេសចរ បន្ដផ្សព្វផ្សាយពីខេត្ដព្រះសីហនុ ក៍ដូចជាប្រទេសកម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរ សម្រាប់លើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។ ម្យ៉ាងវិញទៀត ការចូលចតនេះ បានផ្ដល់អត្ថប្រយោជន៍មួយចំនួន ដល់ប្រជាពលរដ្ឋខេត្ដព្រះសីហនុ ដែលជាអ្នកលក់ផលិតទេសចរណ៍ ពិសេសអ្នករត់តាក់ស៊ី ឬម៉ូតូកង់បី និងម៉ូតូឌុប ។ល។



