មនុស្សរាប់ម៉ឺននាក់បានស្រែកថា «ស្លាប់ទៅអ៊ីស្រាអែល» នៅក្នុងការប្រមូលផ្តុំគ្នានៅទូទាំងប្រទេសអ៊ីរ៉ង់ ដើម្បីប្រារព្ធខួបលើកទី ៤៥ នៃបដិវត្តន៍អ៊ីស្លាម កាលពីថ្ងៃអាទិត្យ ដោយបានដុតទង់ជាតិសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្នុងពេលសង្រ្គាមនៅបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលគាំទ្រដោយទីក្រុងតេអេរ៉ង់។

ប្រធានាធិបតី លោក Ebrahim Raisi នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ បានចោទប្រកាន់សត្រូវរបស់ទីក្រុងតេអេរ៉ង់ថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនបានគាំទ្រ «ឧក្រិដ្ឋកម្មរបស់របប ជ្វីស ប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ហ្កាហ្សា។
សង្គ្រាមរយៈពេលបួនខែរបស់អ៊ីស្រាអែលលើក្រុមហាម៉ាសអ៊ីស្លាមប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាបានវាយលុកពាសពេញមជ្ឈិមបូព៌ា ដោយក្រុមដែលគាំទ្រដោយអ៊ីរ៉ង់បានវាយប្រហារលើគោលដៅអ៊ីស្រាអែលនិងអាមេរិក។

ការគាំទ្របុព្វហេតុប៉ាឡេស្ទីន គឺជាសសរស្តម្ភនៃសាធារណរដ្ឋឥស្លាម ចាប់តាំងពីការធ្វើបដិវត្តន៍ដែលបានផ្ដួលរំលំរបបរាជវង្ស Shah ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងជាមធ្យោបាយសម្រាប់ប្រទេសដែលមានច្រើនលើសលប់ទៅដោយនិកាយស៊ីអ៊ីត ដើម្បីបង្ហាញថាខ្លួនជាមេដឹកនាំនៃពិភពមូស្លីម។
ក្រុមហាម៉ាស គឺជាផ្នែកមួយនៃ «សម្ព័ន្ធនៃការតស៊ូ» របស់អ៊ីរ៉ង់ ជាសម្ព័ន្ធមិត្តក្នុងតំបន់ដែលរួមមានក្រុមហេសបូឡានៅប្រទេសលីបង់ រដ្ឋាភិបាលស៊ីរីរបស់ប្រធានាធិបតីលោក Bashar al-Assad ក្រុមជីវពល ស៊ីអ៊ីតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងក្រុមហ៊ូទី ដែលគ្រប់គ្រងមួយផ្នែកធំនៅប្រទេសយេម៉ែន។