រយៈពេល១០ខែ បន្ទាប់ពីសង្រ្គាមដ៏ឃោរឃៅនៅស៊ូដង់ បានជំរុញឲ្យមនុស្សរាប់សែននាក់ភៀសខ្លួនចេញពីប្រទេស មនុស្សជាច្រើនដែលស្វែងរកការជ្រកកោន នៅក្នុងប្រទេសអេហ្ស៊ីប ដែលនៅជិតខាងនោះ ត្រូវបានជាប់ខ្លួនរវាងជម្រើសដ៏អាក្រក់នៃភាពគ្មានផ្ទះសម្បែង ឬត្រឡប់មកវិញដោយគ្រោះថ្នាក់ផ្ទាល់ខ្លួន។

ស្ត្រីជាម្ដាយ ឈ្មោះរីហាប (Rehab)ដែលនៅតែម្នាក់ឯង បានរស់នៅប្រទេសអេហ្ស៊ីបអស់រយៈពេល៧ខែ ដោយតស៊ូ ដើម្បីកសាងជីវិតសម្រាប់កូនៗរបស់ខ្លួន។
ស្ត្រីវ័យ២៨ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានAFP ថា៖«ខ្ញុំមានកូនស្រីម្នាក់ ដែលកើតនៅទីនេះ ហើយខ្ញុំមិនអាចធ្វើការ ដើម្បីផ្គត់ផ្គង់វាបានទេ»។

ដោយប្រមូលផ្តុំគ្នានៅក្នុងព្រះវិហារតូចមួយ នៅភាគខាងកើតទីក្រុងគែរ ស្ត្រីរាប់សិបនាក់ដូចជាអ្នកស្រីរីហាប បាននិយាយថា គ្រួសាររបស់ពួកគេ ដែលបាននៅក្នុងផ្ទះល្វែងដែលមានគ្នាច្រើនណែនតាន់តាប់ បានដេកនៅលើកម្រាលឥដ្ឋទទេ ចាប់តាំងពីពួកគេមកដល់។
លោកអ៊ីប្រាម គៀ (Ibram Kii) មានអាយុ ២៨ឆ្នាំជាគ្រូបង្រៀននៅសាលាសម្រាប់ថ្ងៃអាទិត្យមកពីប្រទេសស៊ូដង់ ដែលបានរស់នៅក្នុងប្រទេសអេហ្ស៊ីបអស់រយៈពេល៥ឆ្នាំហើយ និងជួយជនភៀសខ្លួនតាម រយៈព្រះវិហារ បានប្រាប់ សារព័ត៌មានAFPថា៖«មនុស្សជាច្រើន បានមកប្រទេសអេហ្ស៊ីប ដោយគិតថា ជីវិតនឹងមានភាពប្រសើរឡើងនៅទីនេះ»។
លោកបាននិយាយថា៖«ប៉ុន្តែការពិត បានកើតឡើង។ ពួកគេមិនមានលុយចាយវាយទេ ពួកគេមិនអាចទទួលបានផ្ទះល្វែងដើមរស់នៅទេ អាកាសក៏ត្រជាក់ទៀត ហើយពួកគេ មិនអាចទិញសម្លៀកបំពាក់រដូវរងាបានទេ ដូច្នេះពួកគេសម្រេចចិត្តវិលត្រឡប់មកស៊ូដង់វិញ»។