
សេវាស៊ើបការបរទេសរបស់ប្រទេសអេស្ដូនីបាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីកំពុងត្រៀមប្រឈមដាក់គ្មាខាងយោធាជាមួយលោកខាងលិច នៅទសវត្សន៍ខាងមុខ ហើយអាចត្រូវបានរារាំងដោយការបង្កើនកងកម្លាំងសម្រាប់ឆ្លើយតប។
មន្រ្ដីបស្ចឹមប្រទេសកាន់តែច្រើនឡើងៗបានព្រមានពីការគំរាមកំហែងយោធាពីរុស្ស៊ីទៅបណ្ដារប្រទេសដែលមានព្រំដែនស្ថិតនៅភាគខាងកើតរបស់អង្គការណាតូ និងបានអំពាវនាវអោយអឺរ៉ុប ត្រៀមលក្ខណៈបំពាក់អាវុធឡើងវិញ។
នាយកសេវាស៊ើបការបាននិយាយថា ការវាយតម្លៃនេះដោយផ្អែកលើផែនការរបស់រុស្ស៊ីដែលបានបង្កើនចំនួនកងទ័ពដែលឈរជើងនៅតាមព្រំដែនរបស់ខ្លួនជាប់ជាមួយប្រទេសហ្វាំងឡង់ និងបណ្ដារដ្ឋបាល់ទិក ដូចជាប្រទេសអេស្ដូនី លីទុយអានី និងឡាតវីដែលជាសមាជិកអង្គការណាតូ។
លោក កោប៉ូ រ៉ូស៊ីន(Kaupo Rosin)បានប្រាប់អ្នកសារព័ត៌មាននៅឯការផ្សព្វផ្សាយរបាយស្ដីពីការគំរាមកំហែងសន្ដិសុខជាតិរបស់អេស្ដូនីថា រុស្ស៊ីបានជ្រើសរើសផ្លូវមួយដែលជាការប្រឈមដាក់គ្នាយូរអង្វែង ហើយវិមានក្រឹមឡាំងប្រហែលជាកំពុងព្យាករណ៍ពីជម្លោះដែលនឹងអាចកើតឡើងជាមួយណាតូនៅក្នុងទសវត្សន៍ខាងមុខផងដែរ៕