ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប. រាជធានីភ្នំពេញ បានធ្វើបង្ក្រាបស្លាបមាន់ ខូចគុណភាព ចំនួន២០០កេស ស្មើនឹង ២,០០០គីឡូក្រាម គ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាល់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌតម្រូវម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដូច្នេះកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប. រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថាមន្ត្រីជំនាញបានតាមដានស្រាវជ្រាវបង្រ្កាបការនាំចូលស្លាបមាន់ ខូចគុណភាពទាំងនេះ ដែលឈ្មួញដឹកតាមរថយន្តម៉ាក Sang Young ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AM-9042 មកពីប្រទេសវៀតណាម មកចែកចាយនៅរាជធានីភ្នំពេញ។
បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង ក.ប.ប. រាជធានីភ្នំពេញ បានយកស្លាបមាន់ ខូចគុណភាព ទាំងនោះទៅបំផ្លាញចោលតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ










