
មេដឹកនាំកោះតវ៉ាន់លោកស្រី Tsai Ing-wen បានប្រាប់គណៈប្រតិភូសមាជិកសភាអាមេរិក ដែលកំពុងបំពេញទស្សនកិច្ច នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែកុម្ភៈ) នេះថា កោះតៃវ៉ាន់សង្ឃឹមថា នឹងឃើញមានការផ្លាស់ប្តូជាច្រើនថែមទៀត រវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក នៅឆ្នាំនេះ ហើយកោតៃវ៉ាន់ នឹងបន្តចូលរួមជាមួយពិភពលោក។
តំណាងរាស្ត្រអាមេរិកលោក Mike Gallagher ដែលជាប្រធានគណៈកម្មាធិការជ្រើសរើសសមាជិកសភាតំណាងរាស្រ្តទទួលបន្ទុកកិច្ចការប្រទេសចិន បានទៅដល់កោះតៃវ៉ាន់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ជាមួយគណៈប្រតិភូរបស់លោក។ គណៈប្រតិភូរបស់សហរដ្ឋអាមេរិកនេះបានជួបជាមួយមន្ត្រីជាន់ខ្ពស់តៃវ៉ាន់ផ្សេងទៀត ដោយក្នុងនោះរួមទាំងមេដឹកនាំជាប់ឆ្នោតលោក Lai Ching-te អំឡុងទស្សនកិច្ចរបស់ខ្លួនដែលនឹងត្រូវបញ្ចប់នៅថ្ងៃសៅរ៍ (ទី២៤ ខែកុម្ភៈ)។
អំឡុងជួបជាមួយលោកស្រី Tsai លោក Gallagher បានប្រកាសអំពីទំនាក់ទំនងកោះតៃវ៉ាន់-សហរដ្ឋអាមេរិកថា គឺរឹងមាំ និងកាន់តែរឹងមាំជាងពេលណាៗទាំងអស់។
សូមរំលឹកថា ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់គ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះថា ជាទឹកដីរបស់ខ្លួន។ រដ្ឋាភិបាលក្រុងតៃប៉ិបដិសេធការអះអាងនោះ ដោយនិយាយថា មានតែប្រជាជនកោះនេះទេ ដែលអាចសម្រេចអនាគតរបស់ពួកគេ។ ហើយរដ្ឋាភិបាលក្រុងប៉េកាំង តែងតែរិះគន់រាល់ដំណើរទស្សនកិច្ចរបស់សមាជិកសភាបរទេសទៅកាន់កោះតៃវ៉ាន់ ដោយជឿថា អ្នកទាំងនោះព្យាយាមធ្វើឲ្យមានភាពតានតឹង និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន៕