ប្រណាំងកង់៖ កីឡាករអង់គ្លេស Mark Cavendish បានប្រជែងឈ្នះដំណាក់កាលទី ១០ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Tour de France ដែលជាជ័យជំនះ ៣៣ដំណាក់កាលហើយក្នុងព្រឹត្តិការណ៍ Grand Tour ខ្វះតែ ១ដំណាក់កាលទៀតទាន់កំណត់ត្រាចាស់របស់វីរបុរសប្រណាំងកង់ប៊ែលហ្ស៊ិក Eddy Merckx ដែលឈ្នះសរុប ៣៤ដំណាក់កាល។

ការប្រកួតដំណាក់កាលទី ១០ ដែលមានចម្ងាយផ្លូវ ១៩០.៧គីឡូម៉ែត្រ កីឡាកររបស់ក្រុម Quick-Step រូបនេះបានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ១៤នាទី ៧វិនាទី ខណៈលេខ២ និងលេខ៣ គឺកីឡាករប៊ែលហ្ស៊ិល Wout van Aert របស់ក្រុម Jumbo-Visma និង Jasper Philipsen របស់ក្រុម Alpecin-Fenix។
យ៉ាងណាក្តីក្រោយ ១០ដំណាក់កាលនេះ អ្នកការពារតំណែងជើងឯកកីឡាករស្លូវេនី Tadej Pogacar របស់ក្រុម UAE Team Emirate នៅតែបន្តនាំមុខគេក្នុងតារាងរួមដដែលមានវេលាចំណេញពីលើអ្នកលេខ២ កីឡាករអូស្ត្រាលី Ben O’Connor ចំនួន ២នាទី ១វិនាទី និងលេខ៣ កីឡាករកូឡុំប៊ី Rigoberto Uran យឺតជាង ៥នាទី ១៨វិនាទី។ ដោយឡែកសំរាប់ដំណាក់កាលទី១១ ថ្ងៃពុធនេះមានចម្ងាយផ្លូវ ១៩៨.៩គីឡូម៉ែត្រ ជាដំណាក់កាលដែលប្រណាំងលើស្ថានភាពផ្លូវភ្នំ៕
អត្ថបទ៖នាង សុភាវុធ