
អន្ដរជាតិ: នាយករដ្ឋមន្រ្តីស្តីទី លោកក្លូដ ចូសេហ្វ បាននិយាយថា ប្រធានាធិបតីហៃទី លោកចូវេណែល ម័រសេ ត្រូវបានគេធ្វើឃាតនៅក្នុងគេហដ្ឋានរបស់លោក។
លោកចូសេហ្វ បាននិយាយថា មនុស្សគ្មានអត្តសញ្ញាណមួយក្រុម បានវាយប្រហារមកលើគេហដ្ឋានផ្ទាល់ខ្លួនរបស់លោកម័រសេ កាលពីយប់ថ្ងៃពុធ និងបានបាញ់សម្លាប់រូបលោក។
ចំណែកឯស្រ្តីទី១ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្រោយការវាយប្រហារនេះ។ លោក ចូសេហ្វ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ចេញពីការិយាល័យ របស់លោកថាស្ថានភាពសន្តិសុខហៃទី ស្ថិតក្រោមការគ្រប់គ្រងរបស់នគរបាលជាតិ ហើយនិងកងកម្លាំងប្រដាប់អាវុធហៃទី។
លទ្ធិប្រជាធិបតេយ្យ និងសាធារណរដ្ឋ នឹងឈ្នះ។ លោកបន្តថា វិធានការទាំងអស់ នឹងធានាឲ្យបាននិរន្តភាពរដ្ឋ និងការការពារជាតិ។
គួរឲ្យដឹងថា លោកម័រសេ បានគ្រប់គ្រងប្រទេសហៃទី ដែលជាប្រទេសក្រីក្របំផុតនៅអាមេរិកកណ្តាល ដោយក្រឹត្យ បន្ទាប់ពីការបោះឆ្នោតនីតិបញ្ញត្តិកាលពីឆ្នាំ ២០១៨ ត្រូវបានពន្យាពេល និងបន្ទាប់ពីមានជម្លោះ ពេលដែលអាណត្តិរបស់លោកបញ្ចប់។ កាលពីព្រឹកថ្ងៃពុធ ដងផ្លូវនៅក្នុងរដ្ឋធានីព័រ តូ ព្រីន មានសភាពស្ងប់ស្ងាត់។
លោកចូសេហ្វ បាននិយាយថា ក្រុមនគរបាល ត្រូវបានដាក់ពង្រាយទៅកាន់វិមានជាតិ និងតំបន់សហគមន៍ប៉េត្យុងវីល និងកន្លែងផ្សេងទៀត។
លោកបានធ្វើការថ្កោលទោសទាំងស្រុងចំពោះការលួចធ្វើឃាតនេះនិងបានចាត់ទុកថាជាទង្វើអមនុស្សធម៌ដ៏គួរឲ្យស្អប់ខ្ពើមបំផុត និងថោកទាបបំផុត។ លោកបញ្ជាក់ថា ឃាតករមួយចំនួន និយាយភាសាអេស្ប៉ាញ ប៉ុន្តែលោកមិនបានពន្យល់បន្ថែមនោះទេ។ ការវាយប្រហារនេះដែរ បានកើតមានខណៈដែលមានរលក នៃអំពើហិង្សាពាក់ព័ន្ធនឹងបញ្ហានយោបាយក្នុងប្រទេសនៅអាមេរិកកណ្តាលមួយនេះ ហើយនិងការប្រឈមវិបត្តិមនុស្សកើនឡើង និងកង្វះខាតស្បៀងអាហារ៕