លោកនាយករដ្ឋមន្ត្រីស្លូវ៉ាគី បានអះអាងថាសម្ព័ន្ធយោធាណាតូ និងបណ្ដារដ្ឋជាសមាជិកសហភាពអឺរ៉ុប កំពុងត្រៀមបញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន។
លោក រ៉ូប៊ើត ហ្វីកូ (Robert Fico)ដែលជាអ្នកគាំទ្ររុស្ស៊ីនិយមមួយរូប ពុំបានផ្ដល់ព័ត៌មានលម្អិតទេថាតើកងទ័ពលោកខាងលិចអាចត្រូវបានបញ្ជូនទៅអ៊ុយក្រែនដោយវិធីណា ហើយក្រុមអ្នកវិភាគ បាននិយាយថាលោកប្រហែលជាកំពុងព្យាយាមទប់ស្កាត់កុំឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។
ថ្លែងមុនកិច្ចប្រជុំមេដឹកនាំសហភាពអឺរ៉ុបដែលបានរៀបចំណឡើងយ៉ាងតក់ក្រហល់ ក្នុងទីក្រុងប៉ារីស ដោយសារតែ អ្វីមួយដែលក្រុមទីប្រឹក្សារបស់លោកបាននិយាយថា គឺមានការកើនឡើងកាន់តែខ្លាំង ក្នុងសកម្មភាពឈ្លានពានរបស់រុស្ស៊ី ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ។
លោក Fico បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍មួយក្រោយកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់ស្លូវ៉ាគី ថា ជំនួបនេះ បង្ហាញថា រដ្ឋជាសមាជិកសម្ព័ន្ធយោធាណាតូ និងសហភាពអឺរ៉ុប មួយចំនួនកំពុងពិចារណាថាពួកគេនឹងបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់អ៊ុយក្រែនផ្នែកលើមូលដ្ឋានទ្វេភាគី។
លោកបាននិយាយថា ខ្ញុំមិនអាចនិយាយបានថាសម្រាប់គោលបំណងអ្វី និងអ្វីដែលពួកគេគួរតែធ្វើនៅទីនោះទេ ដោយលោកបានបន្ថែមថា ស្លូវ៉ាគី ដែលជាសមាជិកនៃសហភាពអឺរ៉ុប និងណាតូ នឹងមិនបញ្ជូនទាហានទៅអ៊ុយក្រែនទេ។
លោក Fico ដែលត្រូវបានជាប់ឆ្នោតកាលពីខែតុលាឆ្នាំមុនបាននិយាយថា ជំហាននេះអាចប្រឈមនឹងការកើនឡើងនៃជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែមិនអាចផ្តល់ព័ត៌មានបន្ថែមបានទេ។
សម្ព័ន្ធមិត្តណាតូបានចំណាយប្រាក់រាប់ពាន់លានផោនក្នុងការផ្តល់អាវុធដល់ទីក្រុង Kyiv និងកំពុងបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែននៅលោកខាងលិច ប៉ុន្តែកន្លងមកបណ្ដារដ្ឋធានីរបស់លោកខាងលិចបានបដិសេធមិនពិចារណាលើការបញ្ជូនកងទ័ពទៅអ៊ុយក្រែនទេ ដើម្បីជៀសវាងការលូកដៃចូលទៅក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី៕