
ប្រទេសបារាំង និងហូឡង់បានគាំទ្រផែនការទិញយុទ្ធោបរណ៍ នៅខាងក្រៅសហភាពអឺរ៉ុប ដើម្បីទទួលបានឧបករណ៍យោធាដែលកំពុងត្រូវការយ៉ាងច្រើន ពោលគឺដើម្បីផ្ដល់ដល់អ៊ុយក្រែនឲ្យបានលឿនជាងមុន ដោយសំណើនោះត្រូវបានរំពឹងទុកថា នឹងធ្វើឡើងនៅដើមខែមីនា។
គំនិតនៃការទិញអាវុធនេះ ត្រូវបានគូសបញ្ជាក់ដោយនាយករដ្ឋមន្ត្រីសាធារណរដ្ឋឆែក លោក Petr Fiala នៅក្នុងកិច្ចប្រជុំកំពូលវិសាមញ្ញនៃបណ្ដាមេដឹកនាំអឺរ៉ុប នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃចន្ទ (ទី២៦ ខែកុម្ភៈ) ដែលជាកិច្ចប្រជុំត្រូវបានធ្វើឡើងក្នុងគោលបំណងបង្ហាញការគាំទ្រដល់ទីក្រុងគីវ និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកខាងលិច ក្នុងការជួយប្រទេសនេះឲ្យទទួលបានជ័យជម្នះលើរុស្ស៊ី។
នៅឯសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សានោះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រាប់ថា៖ «សំណើរបស់ឆែក គឺស្របទាំងស្រុងជាមួយនឹងអ្វីដែលយើងបានធ្វើទាក់ទងនឹងកាំភ្លើងធំ»។ លោកបានបន្តថា៖ «យើងបានស្នើឲ្យប្រទេសមិនមែនសហភាពអឺរ៉ុបឈានដល់សេចក្ដីសម្រេច។ យើងនឹងចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ។ យើងបើកចំហទាំងស្រុងចំពោះគំនិតនេះ។ គោលដៅតែមួយគត់របស់យើង គឺប្រសិទ្ធភាព»។
ចំណែកនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បានប្រាប់អ្នកសារព័ត៌មាន នៅពេលលោកចាកចេញពីកិច្ចប្រជុំថា ប្រទេសរបស់លោកបានយល់ព្រមផ្តល់វិភាគទានចំនួន ១០០លានអឺរ៉ូ (១០៨,៤៧៣លានដុល្លារ) ដល់ផែនការទីក្រុង Prague ហើយបាននិយាយថា លោកសង្ឃឹមថា រដ្ឋធានីផ្សេងទៀតនឹងអនុវត្តតាម៕