ទីភ្នាក់ងារសារព័ត៌មាន Shana ដែលមានទំនាក់ទំនងជាមួយក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី បានចុះហត្ថលេខាលើឯកសារចំនួន១៩ច្បាប់ ស្តីពីការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន។

របាយការណ៍បាននិយាយថា កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខានៅចុងបញ្ចប់នៃកិច្ចប្រជុំលើកទី ១៧ របស់គណៈកម្មការសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ ដែលគ្របដណ្តប់លើវិស័យដូចជា ថាមពល សុខភាព ពាណិជ្ជកម្ម និងការសិក្សាអប់រំ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម ជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បន្ទាប់ពីការចុះហត្ថលេខាលើឯកសារ រដ្ឋមន្ត្រីប្រេងរបស់អ៊ីរ៉ង់ លោក Javad Owji បាននិយាយថា ប្រទេសរបស់លោក រហូតមកដល់ពេលនេះ បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនជាច្រើនរបស់រុស្ស៊ី សម្រាប់ការអភិវឌ្ឍតំបន់អណ្តូងប្រេងអ៊ីរ៉ង់ ចំនួន៨កន្លែង។
លោក Owji បាននិយាយថា ការពិភាក្សាកំពុងដំណើរការ ទាក់ទងទៅនឹងការអភិវឌ្ឍន៍តំបន់អណ្តូងប្រេង និងឧស្ម័នបន្ថែមជាច្រើនកន្លែង ហើយកិច្ចសន្យាថ្មី អាចនឹងត្រូវបានចុះហត្ថលេខា ក្នុងពេលឆាប់ៗនេះ។
លោក Novak បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប្រទេសទាំងពីរ អាចពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យប្រេង ឧស្ម័ន និងគីមីឥន្ធនៈ ការផលិតរថយន្ត និងសេវាកម្មជាច្រើនទៀត។