អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្កាហ្សា នៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែកុម្ភៈ) នេះ បាននិយាយថា ការបាញ់ផ្លោងរបស់អ៊ីស្រាអែលចំមនុស្សដែលឈររង់ចាំជំនួយ នៅជិតទីក្រុងហ្កាហ្សា បានសម្លាប់មនុស្សជាង ៧០នាក់ និងធ្វើឲ្យរបួស ២៨០នាក់ ដោយមន្ទីរពេទ្យមួយ បានប្រាប់ថា មន្ទីរពេទ្យបានទទួលសពចំនួន ១០នាក់ និងអ្នកជំងឺរាប់សិបនាក់ ដែលរងរបួស។
ពាក់ព័ន្ធនឹងការលើកឡើងនេះ អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនមិនបានដឹងពីការបាញ់ផ្លោងណាមួយ នៅទីតាំងនោះឡើយ។
អ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្កាហ្សា លោក Ashraf al-Qidra បាននិយាយថា ហេតុការណ៍នេះបានកើតឡើងនៅរង្វង់មូល al-Nabusi ភាគខាងលិចនៃទីក្រុងហ្កាហ្សា នៅភាគខាងជើងនៃដែនដីនេះ។ លោក Qidra បាននិយាយថា ក្រុមគ្រូពេទ្យមិនអាចទប់ទល់នឹងបរិមាណ និងភាពធ្ងន់ធ្ងរនៃអ្នករបួសរាប់សិបនាក់ ដែលបានមកដល់មន្ទីរពេទ្យ al-Shifa នោះទេ។
ប្រធានមន្ទីរពេទ្យ Kamal Adwan នៅទីក្រុងហ្កាហ្សា លោក Hussam Abu Safieyah បាននិយាយថា ខ្លួនបានទទួលសពចំនួន ១០ នាក់ និងអ្នកជំងឺជាច្រើននាក់ទៀត ដែលរងរបួសពីហេតុកាណ៍ នៅភាគខាងលិចទីក្រុងនេះ។
វីដេអូដែលបានបង្ហោះលើបណ្តាញសង្គម បានបង្ហាញពីរថយន្តដឹកសពជាច្រើនគ្រឿង។ សារព័ត៌មាន Reuters បានផ្ទៀងផ្ទាត់ទីតាំងនៃវីដេអូមួយទៅនឹងរង្វង់មូល al-Nabulsi ដែលបង្ហាញឲ្យឃើញមនុស្សជាច្រើននាក់មិនកម្រើក ក៏ដូចជាអ្នករងរបួសជាច្រើននាក់ផងដែរ៕