
អារ៉ាប់រួមនិយាយថា ពួកគេបានទម្លាក់ជំនួយមនុស្សធម៌ពីលើអាកាសជាលើកទី ២ចូលទៅកាន់តំបន់ហ្កាហ្សាស្រ្ទីប ដោយសម្របសម្រួលជាមួយអេហ្ស៊ីប ។
ក្រសួងការពារជាតិអារ៉ាប់រួមនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការលើកទី ២ដើម្បីទម្លាក់ជំនួយមនុស្សធម៌ ត្រូវបានធ្វើឡើងដោយយន្តហោះកងទ័ពអាកាសអារ៉ាប់រួម និងអេហ្ស៊ីប លើតំបន់ភាគខាងជើងហ្កាហ្សា ដើម្បីបន្ធូរបន្ថយការរងគ្រោះបងប្អូនប៉ាឡេស្ទីនរបស់ពួកយើង ។
សេចក្តីថ្លែងការណ៍បន្តទៀតថា ក្រុមចម្រុះមកពីប្រទេសទាំង ២ បានចុះប្រតិបត្តិការទម្លាក់ជំនួយតាមអាកាសជាលើកទី ២ ដោយប្រើប្រាស់យន្តហោះ ៣គ្រឿង ដឹកជំនួយស្បៀងអាហារ និងឱសថ ៤២តោនចូលទៅតំបន់ភាគខាងជើងហ្កាហ្សា ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនរហូតមក អេហ្ស៊ីប អារ៉ាប់រួម ហ្សកដានី កាតា អូម៉ង់ និងបារ៉ែន បានបន្តប្រតិបត្តិការរួមគ្នារបស់ពួកគេ ដើម្បីទម្លាក់ជំនួយតាមអាកាសចូលទៅកាន់តំបន់ញាំញីដោយសារភ្លើងសង្រ្គាមមួយនេះ ៕