ភ្នំពេញ: ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ប្រធានបទឆ្នាំនេះ គឺ "ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល"ប្រារព្ធឡើងនៅមនី្ទរពេទ្យកាល់ម៉ែត រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យ បានលើកចិត្តនារី ដែលជាគ្រូពេទ្យកំពុងខិតខំបម្រើសេវាថែទាំ ព្យាបាល និងជួយសង្រ្គោះអាយុជីវិតអ្នកជំងឺ។
ក្នុងទិវាខាងលើនេះ មានការចូលរួមពីលោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ ទីប្រឹក្សា និងលោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស។ ជាមួយគ្នានោះ ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា សូមពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកបំផុតពីឯកឧត្តមសាស្ត្រាចារ្យ ឈាង វ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនដល់បងប្អូនទាំងអស់គ្នា។ ប្រធានបទ "ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" បានសបញ្ជាក់ឱ្យឃើញពីគុណតម្លៃយ៉ាងឧត្តុង្គឧត្តមរបស់នារី ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក សម្រេចឱ្យបាននូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលក្របខ័ណ្ឌនេះ បានកំណត់យកគោលការណ៍ចំនួន ៣ គឺការកសាងមូលដ្ឋានគ្រឹះឌីជីថល-ការចាប់យកឌីជីថល-ការធ្វើបរិវត្តកម្មឌីជីថល។ ចក្ខុវិស័យ របស់ក្របខ័ណ្ឌគោលនយោបាយនេះ គឺការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើកតាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គ សង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និងទាំងធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី។ នៅមន្ទីរពេទ្យកាល់ម៉ែត យើងទាំងអស់គ្នាមានមោទនភាព ដោយសារយើងបាន និងនៅតែខិតខំយកចិត្តទុកដាក់បំពេញការងារបម្រើសេវាពិនិត្យព្យាបាលជំងឺបានយ៉ាងល្អប្រសើរ បន្តវេននូវគំរូវប្បធម៌ល្អៗដែលឯកឧត្តមរដ្ឋមន្ត្រីបាននាំយើងឱ្យរីកចម្រើនរឹងមាំ កន្លងមក។ ក្នុងឱកាសដ៏មានតម្លៃនេះ ឯកឧត្តមសូមសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់បំផុត ចំពោះថ្នាក់ដឹកនាំ សហការី មន្ត្រីរាជការ ព្រមទាំងបុគ្គលិកទាំងអស់ ជាពិសេសនារីដែលបច្ចុប្បន្នមានចំនួនរហូតដល់ទៅ 54.90%នៃចំនួនមន្ត្រី-បុគ្គលិកសរុបរបស់មន្ទីរពេទ្យ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារទៅតាមជំនាញ និងបច្ចេកទេសរៀងៗខ្លួន ហើយមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ បានយ៉ាងស្ទាត់ជំនាញ រួមមានដូចជាវេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញ គិលានុបដ្ឋាក-យិកា ឆ្មប អ្នកបច្ចេកទេសវិទ្យុសាស្ត្រ អ្នកបច្ចេកទេសមន្ទីរពិសោធន៍ អ្នករូបវិទ្យាវេជ្ជសាស្ត្រជាន់ខ្ពស់ វិស្វករអគ្គិសនី អ្នកបច្ចេកទេសបរិក្ខារជីវវេជ្ជសាស្ត្រ។
ចំណែកលោកស្រីវេជ្ជបណ្ឌិត ជា ពិសិដ្ឋដាលីន ឯកទេសចក្ខុរោគ និងលោកស្រីវេជ្ជបណ្ឌិត ឈុន សមសោភា ឯកទេសសម្ភព និងរោគស្រី្ត និងជាប្រធានផ្នែកសម្ភព នៃមនី្ទរពេទ្យកាល់ម៉ែត មានសេចកី្តសប្បាយរីករាយមែនទែន និងសូមអរគុណថ្នាក់ដឹកនាំមនី្ទរពេទ្យកាល់ម៉ែតគ្រប់ជាន់ថ្នាក់ បានរៀបចំទិវានារីអន្តរជាតិ៨មីនានេះឡើង និងសូមជម្រុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់រូប សូមមកពិនិត្យសុខភាពឲ្យបានទៀងទាត់ ដើម្បីឲ្យក្រុមគ្រូពេទ្យដឹងមុនពីស្ថានភាពជំងឺរបស់គាត់ ដើម្បីឲ្យការព្យាបាលទទួលបានប្រសិទ្ធភាព។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា សូមលើកទឹកចិត្តដល់លោក លោកស្រី គ្រប់ផ្នែក គ្រប់អ៊ុយនីតេ បន្តចូលរួមបន្តជំរុញការងារអភិវឌ្ឍន៍ និងធ្វើទំនើបកម្មលើកិច្ចការផ្តល់សេវាឱ្យបានកាន់តែសម្បូរបែប ដើម្បីនិរន្តភាព និងលទ្ធផលជាផ្លែផ្ការបស់មន្ទីរពេទ្យ ដើម្បីឆ្លើយតប ទៅនឹងការរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគតលើវិស័យវេជ្ជសាស្ត្រ ស្របតាម គោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណទី១ ផ្តោតសំខាន់ទៅលើការអភិវឌ្ឍមូលធនមនុស្សជាចម្បង និងសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការរួបរួមកម្លាំងរបស់ យើងទាំងអស់គ្នា នឹងនាំមកនូវគុណប្រយោជន៍ដ៏ច្រើនក្នុងការកសាងធនធានមនុស្ស និងបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗ ដើម្បីបន្តលើកតម្លៃមន្ទីរពេទ្យយើង ជាមន្ទីរពេទ្យសាធារណៈ លំដាប់ខ្ពស់ចុងក្រោយនៅព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ រដ្ឋា

















