អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល កំពុងបំផ្លាញប្រព័ន្ធស្បៀងអាហាររបស់តំបន់ហ្កាហ្សាដែលជាផ្នែកមួយនៃ«យុទ្ធនាការបង្អត់អាហារ» ដ៏ធំ នៅក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ហើយបានស្តីបន្ទោសស្ថាប័នសិទ្ធិមនុស្សរបស់UNចំពោះការមិនធ្វើអ្វីបន្ថែមទៀត។

លោក Michael Fakhri អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិស្បៀងអាហារ បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា «រូបភាពនៃភាពស្រេកឃ្លាន នៅតំបន់ហ្កាហ្សា គឺមិនអាចទ្រាំទ្របាន ហើយអ្នកមិនបានធ្វើអ្វីទាល់តែសោះ»។
មន្ត្រីជំនួយ បានព្រមានអំពីគ្រោះទុរភិក្សរយៈពេល៥ខែនៅក្នុងយុទ្ធនាការប្រឆាំងនឹងក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីន ខណៈដែលមន្ទីរពេទ្យ នៅភាគខាងជើងដាច់ស្រយាលនៃដែនដីនេះថា កុមារ បានចាប់ផ្តើមស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ។

លោក Fakhri បានប្រាប់ក្រុមប្រឹក្សានេះថា អ៊ីស្រាអែល កំពុង«បំផ្លាញប្រព័ន្ធស្បៀងអាហារ នៅតំបន់ហ្កា ហ្សា»។
លោកបានបន្ថែមថា៖«អ៊ីស្រាអែល បានបង្កើតយុទ្ធនាការបង្អត់អាហារប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា» ដោយនិយាយថា មានការកំណត់គោលដៅលើអ្នកនេសាទខ្នាតតូច។
ប្រទេសជាច្រើនផ្សេងទៀត បានរិះគន់អ៊ីស្រាអែលចំពោះភាពស្រេកឃ្លានដែលកំពុងកើនឡើង នៅក្នុងដែនដីនេះដែលរួមមានប្រទេសអេហ្ស៊ីប និងអ៊ីរ៉ាក់។