អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ទូកនេសាទរបស់កូរ៉េខាងត្បូងដែលមានអ្នកជិះ ៩នាក់ ក្នុងនោះរួមទាំងជនជាតិឥណ្ឌូនេស៊ី ៧នាក់ផងដែរ បានក្រឡាប់លិចនៅម្ដុំឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ (ទី៩ ខែមីនា) នេះ ដោយបានបណ្តាលឲ្យមនុស្ស ៦នាក់ បាត់ខ្លួន។
បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានឲ្យដឹងថា នាវាទម្ងន់ ២៩តោន បានក្រឡាប់នៅក្នុងដែនទឹកចម្ងាយ ៦៨គីឡូម៉ែត្រភាគខាងត្បូងនៃកោះមួយរបស់ទីក្រុងឆ្នេរសមុទ្រ Tongyeong កាលពីព្រឹកព្រលឹម។
ការិយាល័យទីក្រុង Tongyeong របស់ឆ្មាំល្បាតឆ្នេរកូរ៉េខាងត្បូង បានប្រាប់សារព័ត៌មាន AFP ថា រហូតមកដល់ពេលនេះ សមាជិកនាវិក ៣នាក់ ត្រូវបានជួយសង្គ្រោះ តែពួកគេបានសន្លប់បាត់ស្មារតីទាំងអស់ ហើយមន្ត្រីពីការិយាល័យនេះ លោក Lee Ho-jun បាននិយាយថា៖ «យើងនៅតែស្វែងរកអ្នកដែលបាត់ខ្លួនចំនួន ៦នាក់ផ្សេងទៀត»។
ទីភ្នាក់ងារសារព័ត៌មាន Yonhap បានឲ្យដឹងទៀតថា ទូកដែលលិចនេះ បានចេញដំណើរពីកោះ Jeju ចុងភាគខាងត្បូងរបស់ប្រទេស កាលព្រឹកថ្ងៃសុក្រ (ទី៧ ខែមីនា) ហើយបានចាប់ផ្ដើមនេសាទ។ ទីភ្នាក់ងារសារព័ត៌មានដដែលនេះ បានបន្ថែមថា ទូកល្បាត នាវាកងទ័ពជើងទឹក និងយន្តហោះ ត្រូវបានដាក់ពង្រាយ ដើម្បីចូលរួមកិច្ចប្រឹងប្រែងស្វែងរកដែលកំពុងបន្តធ្វើ៕

