ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនរាប់រយនាក់បានដង្ហែក្បួននៅទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ ៩ មីនា ដោយទាមទារឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ខណៈជម្លោះនៅមជ្ឈិមបូព៌ាឈានចូលដល់ខែទី ៥ ។

កាលពីចុងសប្ដាហ៍នេះ ក្រៅពីនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ការតវ៉ាក៏បានកើតឡើងនៅក្នុងប្រទេសជាច្រើនទៀតផងដែរ ដូចនៅទីក្រុងឡុងដ្រ៍ ច្រកភពអង់គ្លេស ហ្ស៊កដានី ឈីលី និងសហរដ្ឋអាមេរិកជាដើម។

អ្នកតវ៉ាម្នាក់មកពីចលនាសាមគ្គីភាពបារាំង-ប៉ាឡេស្ទីន បានរិះគន់ការទម្លាក់ជំនួយអាហារចូលក្នុងដែនដីហ្កាហ្សា ដោយនិយាយថាពលរដ្ឋហ្កាហ្សា ត្រូវបានគេចាត់ទុកថាដូចជាសត្វធាតុ។
ប្រទេសមួយចំនួនដូចជាបារាំង ហ្ស៊កដានី និងសហរដ្ឋអាមេរិក បានទម្លាក់ជំនួយតាមយន្តហោះ ខណៈការចូលក្នុងដែនដីឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ តាមរថយន្តមានកំណត់។
ការចរចាស្តីពីបទឈប់បាញ់ដែលអាចកើតមាននៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅតែជាប់គាំង។

ទីភ្នាក់ងារផ្ដល់ជំនួយបានព្រមានអំពីគ្រោះទុរ្ភិក្សដែលកំពុងកើតមានរយៈពេល៥ខែនៅក្នុងយុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស។
ភាគច្រើននៃប្រជាជន ២,៣លាននាក់នៅតំបន់ហ្កាហ្សាឥឡូវនេះ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងនៅខាងក្នុងដែនដីនេះ ខណៈដំណើរការផ្ដល់ជំនួយត្រូវបានរាំងស្ទះយ៉ាងខ្លាំងនៅប៉ុស្តិ៍ត្រួតពិនិត្យតាមច្រកព្រំដែនដីគោក៕