សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យឯកឧត្ដម Nkubito Manzi BAKURAMUTSA ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋរវ៉ាន់ដា ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ។

ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ ចំពោះឯកឧត្ដម Nkubito Manzi BAKURAMUTSA ដែលត្រូវបានឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា តែងតាំងឯកឧត្តមជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋរវ៉ាន់ដាប្រចាំកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្ដម Nkubito Manzi BAKURAMUTSA បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យឯកឧត្តមចូលជួបជូនសារតាំង និងសម្តែងការគួរសមនាពេលនេះ ហើយក្នុងបេសកកម្មការទូតនៅកម្ពុជានេះ នឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ។

ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី បានកត់សម្គាល់ដោយពេញចិត្ត ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដោយសម្តេចមានជំនឿជឿជាក់ ក្នុងឋានៈឯកឧត្តមជាឯកអគ្គរដ្ឋទូតថ្មីនេះ នឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ។

សម្តេចប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយទូតថ្មី និងរដ្ឋាភិបាល នៃសាធារណរដ្ឋរវ៉ាន់ដា ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ។

តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចប្រមុខរដ្ឋស្តីទី បានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក អំពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតី និងថ្នាក់ដឹកនាំកំពូល នៃសាធារណរដ្ឋរវ៉ាន់ដា ហើយសម្តេចបានប្រសិទ្ធពរជូនទូតរវ៉ាន់ដាថ្មី និងសហការី សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូត ដ៏ឧត្តុង្គឧត្តមនៅកម្ពុជា៕ អត្ថបទ៖ បាន សុខរិទ្ធិ
