ឧត្តរមានជ័យ ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ ត្រៀមពង្រីកទីតាំងធ្វើចត្តាឡីស័ក ចំនួន២មណ្ឌល បន្ថែមលើជំរុំតង់ដែលមានស្រាប់ ក្នុងបរិវេណពហុកីឡដ្ឋានខេត្តបន្ថែមទៀត ខណះប្រជាពលករខ្មែរ បានសម្រុកវិលចូលមកស្រុកកំណើតច្រើន នៅច្រកអន្តរជាតិព្រំដែនអូរស្មាច់។
នៅថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង នៃអគ្គស្នងការ អគ្គស្នងការរដ្ឋាននគបាលជាតិ និងឯកឧត្ដម ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស បានចុះត្រួតពិនិត្យទីតាំងសម្រាប់ត្រៀមធ្វើចត្តាឡីស័ក របស់បងប្អូនពលរដ្ឋខ្មែរចេញចូលថៃ ។
លោក ឌី រ៉ាដូ អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ បានឲ្យដឹងថា មណ្ឌលចត្តាឡីស័កត្រៀមពង្រីកបន្ថែមនេះ គឺអាចដាក់ពលរដ្ឋខ្មែរចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតតាមច្រកព្រំដែនអូរស្មាច់ បានប្រមាណចំនួន៣០០០នាក់បន្ថែមទៀត។
លោក បញ្ជាក់ថា ខេត្តឧត្តរមានជ័យ ច្រកអូរស្មាច់ព្រំដែន ក្នុងអំឡុងដើមខែកក្កដា មកដល់បច្ចុប្បន្ន មានប្រជាពលរដ្ឋចូលនៅចន្លោះពីចំនួន៤០០នាក់ ទៅ៥០០នាក់ ក្នុងមួយថ្ងៃៗ។
បច្ចុប្បន្នកំពុងសម្រាកធ្វើចត្តាឡីស័ក និងកំពុងសម្រាកព្យាបាលជំងឺឆ្លងកូវីដ១៩ សរុបជាងចំនួន៣០០០នាក់ផងដែរ៕
អត្ថបទ ៖ ឃិន សារិទ្ធ




