មន្ត្រីក្នុងតំបន់បីនាក់បានស្លាប់ ខណៈដឹកនាំកិច្ចខិតខំប្រឹងប្រែងពន្លត់ចំហេះព្រៃមួយដែលបានចាប់ផ្ដើមឆេះរាលដាលកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍នៅក្នុងខេត្តស៊ីឈួន(Sichuan)និងយ៉ុនណាន( Yunnan) ភាគនិរតីប្រទេសចិន។

យោងតាមរដ្ឋបាលអគ្គិភ័យ និងសង្គ្រោះ អគ្គិភ័យនេះស្ថិតក្នុងចំណោមភ្លើងឆេះព្រៃដែលបានកើតឡើងនៅកន្លែងជាច្រើននៅទូទាំងប្រទេសចិនចាប់តាំងពីខែមុនមក។ និទាឃៈរដូវគឺជារដូវកាលងាយបង្កឲ្យមានភ្លើងឆេះព្រៃ ដោយសារខ្យល់បក់ខ្លាំង និងស្ងួត។

យោងតាមរដ្ឋាភិបាលក្នុងតំបន់បានឱ្យដឹងថា មន្ត្រីទាំងបីនាក់បានស្លាប់ នៅពេលមានអគ្គិភ័យដែលបានចាប់ផ្តើមនៅម៉ោង ៦ និង១០ នាទីល្ងាចថ្ងៃសៅរ៍នៅក្នុងភូមិ តូ(Douge) ក្នុងទីក្រុង លីនកាង (Lincang) នៃខេត្តយ៉ុនណាន ហើយអគ្គិភ័យក៏បានបណ្តាលឱ្យមនុស្សម្នាក់រងរបួសផងដែរ។
រដ្ឋាភិបាលក្នុងតំបន់បាននិយាយថា ភ្លើងដែលត្រូវបានពន្លត់នៅម៉ោង ១១:០៥នាទីយប់កាលពីថ្ងៃសៅរ៍ ដោយសារតែការខិតខំប្រឹងប្រែងរបស់អ្នកពន្លត់អគ្គិភ័យចំនួន១១០នាក់បានប៉ះពាល់ដល់ផ្ទៃដីប្រហែល ៥,៣៣ ហិកតា។
ប្រភពដដែលបានបន្ថែមថា ក្រុមអាជ្ញាធរកំពុងតាមដានកន្លែងកើត។ មូលហេតុនៃការឆាបឆេះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។
នៅក្នុងខេត្តស៊ីឈួន(Sichuan) ដែលនៅជិតខាង ក្រុមអ្នកពន្លត់អគ្គិភ័យបាននឹងកំពុងព្យាយាមពន្លត់អណ្ដាតភ្លើងឆេះព្រៃដែលបានចាប់ផ្ដើមឡើងនៅម៉ោងប្រហែល ៥ល្ងាចថ្ងៃសុក្រ នៅជិតភូមិ ប៉ៃស៊ី (Baizi) ក្នុងសង្កាត់ យ៉ាជៀន (Yajiang) នៃខេត្តស្វយ័តទីបេ ហ្គាហ្ស៊េ (Garze)៕