ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្ត ខេត្តពោធិ៍សាត់ ចំនួន១០ក្រុម ដែលមានកម្លាំងសរុប ៧៨៩នាក់ បានចុះអន្តរគមន៍ ឃ្លុំដីទំហំចំនួនទីតាំង ៣៩៤២,៧៣ ហិកតា ជាមួយគ្នានេះ បានឃុំខ្លួនជនសង្ស័យ ០១នាក់ ទៅតុលាការសាលាដំបូងខេត្តពោធិ៍សាត់ និងបានធ្វើការអប់រំមនុស្សបានចំនួនថែមទៀត។

ការបូកសរុបការងារប្រតិបត្តិការលើកទី១ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅសាលាស្រុកវាលវែងខេត្តពោធិ៍សាត់ ដោយមានការចូលរួមដឹកនាំ ដោយឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាសត់ ព្រមទាំងពីមានការចូលរួមពីតំណាងអគ្គស្នងការនគរបាលជាតិ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀត។

សូមបញ្ជាក់ថា ដោយមានបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការគ្រប់គ្រងធនធាធម្មជាតិនៅតាមភូមិសាស្រ្តនានាទូទាំងប្រទេស ប្រតិបត្តិការទ្រង់ទ្រាយធំរបស់សមត្ថកិច្ចចម្រុះបានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានធ្វើឡើងក្រោយការដាក់បទបញ្ជាដោយផ្ទាល់ពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីបរិស្ថាន និងឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបញ្ជាការកងឯកភាពខេត្ត ដឹកនាំដោយឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល ក្នុងនោះបញ្ចកោណទី៤ ការអភិវឌ្ឍប្រកបដោយ ភាពធន់ ចីរភាព និងបរិយាប័ន្ន ហើយក្នុងមុំទី២៖ គ្រប់គងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព។ លើសពីនេះ ក្នុងកិច្ចប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់លើការគ្រប់គ្រង និងការពារធនធានធម្មជាតិ ជាពិសេសព្រៃឈើ ដើម្បីកុំឱ្យមានជនឆ្លៀតឱកាសបំផ្លាញធនធានធម្មជាតិ។
ក្នុងការអនុវត្តយុទ្ធនាការនេះ សមត្ថកិច្ចចម្រុះ រួមមានចំនួន១០ក្រុម សរុប៧៨៩នាក់ មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការនគរបាលជាតិ និងកងម្លាំង នៃបញ្ជាការកងឯកភាពខេត្ត នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ បានបន្តចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។

ប្រតិបត្តិការនៃកម្លាំងចម្រុះ សម្រេចបានឃ្លុំដីបានចំនួន ៥១៥ហិកតា និងបានដកហូត ផាល ត្រាក់ទ័រ (ទុកនៅបុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប) ២គ្រឿង, រណារយន្ត៖ ១គ្រឿង, បានរឹបអូសវត្ថុតាងមាន តង់កៅស៊ូ៖ ១០តង់, រោងប្រក់សង្ក័សី៖ ៩ខ្នង, រោងប្រក់ស្លឹក៖១ខ្នង, ដើមដំឡូង៖ ៣៧០បាច់, ដើមចេក៖ ៧០គុម្ភ, បង្គោលរបងថ្ម៖ ២០បង្គោល, បង្គោលរបងឈើ៖ ៧០បង្គោល។
ដោយឡែកនៅក្នុងពេលចុះអន្តរាគមន៍កម្លាំងចម្រុះ បានរុះរើ រោងប្រក់សង្ក័សី៖ ៣ខ្នង រោងប្រក់ស្លឹក៖ ២ខ្នង បង្គោលរបង៖ ១២២ដើម និងបានស៊ើបអង្កេតអត្តសញ្ញាណកសាងសំណុំរឿង ២ករណី (នៅចំណុចកូនភ្នំកណ្ដាល) ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់៕





