ឧត្តរមានជ័យ ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៥ខែកក្កដានេះ បានចុះពិនិត្យទីតាំងចំនួន២កន្លែង ដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល និងព្យាបាលកម្រិតធ្ងន់ ក្នុងភូមិសាស្ត្រក្រុងសំរោង សម្រាប់ពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ ។
ក្នុងឱកាសចុះពិនិត្យ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង នៃអគ្គស្នងការរដ្ឋាននគបាលជាតិ និងឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានកំណត់យក រួចហើយ ក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យ។
ក្នុងនោះដែរឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ បានឲ្យដឹងថា មណ្ឌលព្យាបាលនឹងធ្វើការរៀបចំបន្ថែមសម្រាប់ព្យាបាលពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ។ទី១,មណ្ឌលនៅទីតាំងឃ្លាំងលានដំឡូង នៅក្បែរច្រកព្រំដែនអូរស្មាច់ ស្ថិតភូមិគោកប្រាសាទ សង្កាត់កូនក្រៀល (សម្រាប់ព្យាបាលពលករជំងឺឆ្លងកូវីដ១៩ កម្រិតស្រាល) ទី២,មណ្ឌលសាលាវិទ្យាល័យតេជោ ហ៊ុន សែន សំរោង ស្ថិតនៅសង្កាត់សំរោង (សម្រាប់ព្យាបាលពលករជំងឺឆ្លងកូវីដ១៩ កម្រិតធ្ងន់)។
ឯកឧត្តមបញ្ជាក់ថា ខេត្តឧត្តរមានជ័យ ច្រកព្រំដែនអូរស្មាច់ ក្នុងអំឡុងដើមខែកក្កដាមកដល់បច្ចុប្បន្ន មានប្រជាពលរដ្ឋចូលនៅចន្លោះពីចំនួន៣០០ទៅ៤០០នាក់ក្នុងមួយថ្ងៃ និងបច្ចុប្បន្នកំពុងសម្រាក ធ្វើចត្តាឡីស័ក និងកំពុងសម្រាកព្យាបាលជំងឺឆ្លងកូវីដ-១៩ សរុបទាំងអស់មានចំនួន៣០០០នាក់ ៕អត្ថបទ ៖ ឃិនសារិទ្ធ



