មន្ត្រីរាជការនៅប្រទេសបារាំង បានចេញធ្វើបាតុកម្មកាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលមានចលនាកូដកម្មនៅទូទាំងប្រទេស ដើម្បីទាមទារប្រាក់ឈ្នួលឲ្យកាន់តែប្រសើរ និងតវ៉ាការកែទម្រង់របស់រដ្ឋាភិបាល។

គ្រូបង្រៀន បុគ្គលិកថែទាំសុខភាព និងបុគ្គលិករដ្ឋបាលសាធារណៈ បានចេញធ្វើបាតុកម្មដោយមានមនុស្សរាប់ពាន់នាក់នៅលើផ្លូវទីក្រុងប៉ារីស។
មន្ត្រីរាជការបារាំងជាង ៥,៧ លាននាក់ ត្រូវបានគេអំពាវនាវឱ្យធ្វើបាតុកម្ម ដោយក្រុមចម្រុះរបស់សហជីពធំៗទាំងអស់នៅក្នុងវិស័យទាំងនេះ។
នៅក្នុងការហែក្បួនបាតុកម្មនៅទីក្រុងប៉ារីស បុគ្គលិកក្នុងវិស័យអប់រំភាគច្រើនមានវត្តមាន ជាផ្នែក នៃការតវ៉ាកំណែទម្រង់របស់រដ្ឋាភិបាល ។

តម្រូវការសំខាន់មួយផ្សេងទៀត នៅទូទាំងវិស័យនេះ គឺការដំឡើងប្រាក់ឈ្នួល ខណៈក្រុមបាតុករនិយាយថាការដំឡើងប្រាក់ខែ មិនស្របគ្នាទៅនឹងការកើនឡើងអតិផរណានោះទេ។
យោងតាមវិទ្យាស្ថានស្ថិតិប្រទេសបារាំង បានឲ្យដឹងថា ប្រាក់បៀវត្សរ៍របស់បុគ្គលិកក្នុងវិស័យឯកជនបានកើនឡើងពីរដង លឿនជាងបុគ្គលិកក្នុងវិស័យសាធារណៈ នៅចន្លោះឆ្នាំ ២០១១ និងឆ្នាំ២០២១។