រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់បាននិយាយនៅថ្ងៃពុធទី២០មីនាសប្ដាហ៍នេះថា ប្រទេសចិនបានសាងសង់មូលដ្ឋានយោធាដ៏ធំសម្បើម នៅលើកោះចំនួនបីជុំវិញតំបន់កាន់កាប់ដ៏សំខាន់របស់កោះតៃវ៉ាន់នៅក្នុងសមុទ្រចិនខាងត្បូង ប៉ុន្តែក្រុងតៃប៉ិ(Taipei)ពុំបានសម្លឹងរកការបង្កើនភាពតានតឹងបន្ថែមទៀតនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនោះទេ។

ទាំងតៃវ៉ាន់ ទាំងប្រទេសចិន បានអះអាងសិទ្ធិគ្រប់គ្រងភាគច្រើននៅសមុទ្រចិនខាងត្បូងថាជាទឹកដីរបស់ខ្លួន ប៉ុន្តែតៃវ៉ាន់គ្រប់គ្រងតែកូនកោះមួយនៅក្នុងប្រជុំកោះស្ព្រាតលី (Spratly) មានជម្រៅជ្រៅនៅភាគខាងត្បូងនៃសមុទ្រនេះហៅឈ្មោះថា កោះអ៊ីទូ អាបា(Itu Aba) ដែលកោះតៃវ៉ាន់ហៅថា កោះតៃពីង (Taiping) ។

សមាជិកសភាមួយចំនួនមកពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំងសំខាន់ៗ បានអំពាវនាវឱ្យមេដឹកនាំលោកស្រីសៃ អ៊ីង-វិន (Tsai Ing-wen) ទៅកាន់កោះ អ៊ីទូ អាបា មុនពេលលោកស្រីចុះចេញពីតំណែងក្នុងខែឧសភាខាងមុខ ដើម្បីអះអាងលើអធិបតេយ្យភាពរបស់តៃវ៉ាន់ និងពិនិត្យកំពង់ផែ ត្រូវបានជួសជុលថ្មីដែលអាចផ្ទុកនាវាធំៗបាន។អ្នកកាន់តំណែងមុនទាំងពីររបស់លោកស្រី បានទៅកាន់កោះនេះ ប៉ុន្តែលោកស្រីពុំទាន់ទៅនៅឡើយទេ អំឡុងពេលកាន់តំណែង។

នៅពេលសួរដោយអ្នកសារព័ត៌មានអំពីការអំពាវនាវឱ្យ ឲ្យលោកស្រី Tsai ទៅកាន់កោះ Itu Aba រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោកហូសេប វ៉ូ (Joseph Wu )បាននិយាយថា គ្មានការសង្ស័យទេ ថាកោះនេះជាកម្មសិទ្ធិរបស់តៃវ៉ាន់ ហើយរដ្ឋាភិបាលនឹងការពារអធិបតេយ្យភាពរបស់កោះនោះ។
លោក Wu បាននិយាយថា ប្រទេសចិន និងហ្វីលីពីនបានប្រឈមដាក់គ្នាដ៏គ្រោះថ្នាក់នៅសមុទ្រចិនខាងត្បូងកាលពីចុងសប្តាហ៍មុន ប៉ុន្តែស្ថានភាពនៅជុំវិញកោះ Itu Aba ក៏មានភាពតានតឹងផងដែរ។លោក Wu បាននិយាយថា ប្រទេសចិនបានបង្កើតមូលដ្ឋានយោធានៅសមុទ្រចិនខាងត្បូងដ៏ធំសម្បើមរួចហើយនៅលើកោះចំនួនបីជុំវិញ កោះតៃពីង (Taiping) គឺកោះស៊ូប៊ីរីហ្វ (Subi Reef) កោះហ្វើរីក្រូស រីហ្វ (Fiery Cross Reef) និងកោះមីសឈីហ្វ រីហ្វ (Mischief Reef) ហើយទាំងនេះគឺនៅជិតកោះ តៃពីង របស់យើង៕