បាល់ទាត់៖ ចាន់ វឌ្ឍនាកា បានជួយឲ្យក្រុមបឹងកេតបន្ដកំណត់ត្រាឈ្នះ ៥លើកជាប់គ្នាក្រោយរកបាន ២គ្រាប់ក្នុងជ័យជម្នះ ២-០ លើក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ ដែលដឹកនាំដោយអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជារបស់ខ្លួនគឺលោក Lee Tae Hoon នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េកាលពីល្ងាចថ្ងៃទី១៨ ខែកក្កដាម្សិលមិញ។

ជំនួបសប្ដាហ៍ទី៩ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគនេះ វគ្គទី១ មិនមានគ្រាប់បាល់កើតឡើងនោះទេ។ ចូលវគ្គទី២ ក្រុមទាំងពីរបានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំងរហូតដល់នាទី៦៩ ទើប ចាន់ វឌ្ឍនាកា ស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ១គ្រាប់មុនក្រោយបន្ថែមបាល់ក្រឡកពីដៃអ្នកចាំទី គង់ រ៉ាហ្វាត់ មុនបន្ថែមគ្រាប់បាល់ទី២ របស់ខ្លួនដោយការបន្ថែមបាល់ក្រឡកចេញពីដៃអ្នកចាំទី គង់ រ៉ាហ្វាត់ ដដែលនៅនាទី៨២។ នេះគឺជាជ័យជម្នះលើកទី៥ របស់ក្រុមជើងឯក ៤សម័យបឹងកេត ក្រោយរងបរាជ័យ ៣ប្រកួតជាប់ៗគ្នាកាលពីដើមរដូវកាល។

បច្ចុប្បន្នបឹងកេតរកបាន ១៥ពិន្ទុឈរលេខរៀងទី៤ បណ្ដោះអាសន្ន។ ចំណែកក្រុមកងយោធពលខេមរភូមិន្ទវិញបានស្គាល់បរាជ័យលើកដំបូង ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Lee Tae Hoon ដែលធ្វើឲ្យពួកគេធ្លាក់មកឈរលេខរៀងទី៧ និងមាន ១៤ពិន្ទុស្មើក្រុមណាហ្គាវើលដ៏ ក្រោយប្រកួតបាន ៨លើកឈ្នះ ៤ ស្មើ ២ និងចាញ់ ២ប្រកួត៕
អត្ថបទ៖ លី ឈុនឡា