បាល់ទាត់៖ ក្រុមភ្នំពេញក្រោនបានរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់របស់ខ្លួន ក្រោយយកឈ្នះគូប្រកួតដោយមិនរបូតគ្រាប់បាល់ (Clean Sheet) ក្នុងដីលើក្រុមអគ្គិសនីកម្ពុជាជំនួបសប្ដាហ៍ទី៩ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគកាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។

សម្រាប់ជំនួបនៅកីឡដ្ឋាន Smart RSN ភ្នំពេញក្រោនបានយកឈ្នះក្រុមអគ្គិសនីកម្ពុជាក្នុងលទ្ធផល ៦-០ ដោយវគ្គទី១ រកបាន ៤គ្រាប់ និងវគ្គទី២ រកបាន ២គ្រាប់ ខណៈកីឡាករ ប្រាក់ ធីវ៉ា ធ្វើបាន Hat-Trick ៣គ្រាប់ម្នាក់ឯងនៅនាទី៤០, នាទី៦៣ និងនាទី៨៨។ ជ័យជម្នះនេះ បានធ្វើឲ្យភ្នំពេញក្រោនឈរលេខ៣ និងមាន ១៦ពិន្ទុស្មើព្រះខ័នរាជស្វាយរៀង ជាមួយការប្រកួត ៦លើកឈ្នះ ៥ និងស្មើ ១។

ចំណែកក្រុមវិសាខាបានយកឈ្នះក្រុមបាតតារាងសូលទីឡូអង្គរ ៥-០ នៅកីឡដ្ឋានព្រីនស៍។ គួរដឹងថា ក្រោយទទួលបានជ័យជម្នះ អមជាមួយការការពារសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់ ឬធ្វើបាន Clean Sheet នេះ ក្រុមទាំងពីររវាងភ្នំពេញក្រោន និងវិសាខានឹងត្រូវជួបគ្នានាថ្ងៃទី២៤ ខែកក្កដាខាងមុខនៅកីឡដ្ឋាន Smart RSN ក្នុងជំនួបសប្ដាហ៍ទី១០ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ៕
អត្ថបទ៖ លី ឈុនឡា