រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក អ៊ីស្រាអែល ខាត់ស៍ (Israel Katz) បានប្រាប់ប្រទេសអឺរ៉ុបចំនួនបួន កាលពីថ្ងៃចន្ទ (២៥ មីនា) ថា ផែនការរបស់ពួកគេក្នុងការធ្វើការឆ្ពោះទៅរកការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នឹងក្លាយជា «រង្វាន់សម្រាប់អំពើភេរវកម្ម» ដែលនឹងកាត់បន្ថយឱកាសនៃសេចក្ដីសម្រេចចរចាចំពោះជម្លោះរវាងអ្នកជិតខាងទាំងពីរនេះ។

អេស្ប៉ាញ បាននិយាយកាលពីថ្ងៃសុក្រថា ក្នុងនាមសន្តិភាពមជ្ឈិមបូព៌ា ខ្លួនបានយល់ព្រមជាមួយប្រទេសអៀរឡង់ ម៉ាល់តា និងស្លូវេនី ដើម្បីចាត់វិធានការដំបូងឆ្ពោះទៅរកការទទួលស្គាល់ភាពជារដ្ឋដែលប្រកាសដោយប៉ាឡេស្ទីន នៅតំបន់ វេសបែង (West Bank) ដែលកាន់កាប់ដោយអ៊ីស្រាអែល និងនៅតំបន់ហ្កាហ្សាស្ទ្រីប។

ហ្កាហ្សាបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមអ៊ីស្លាមហាម៉ាសជាយូរមកហើយ ដែលបដិសេធសន្តិភាពជាមួយអ៊ីស្រាអែល ហើយបានបើកការវាយប្រហារថ្ងៃទី០៧ ខែតុលា ដោយបង្កឱ្យមានសង្រ្គាមដ៏បង្ហូរឈាមនេះ ដែលបានបង្កឱ្យមានអំពើហិង្សានៅតំបន់ វេសបែង ជាទីដែលអ៊ីស្រាអែលមានការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វយ៉ាងទូលំទូលាយ។
អ៊ីស្រាអែល ដែលក្រុមចម្រុះគ្រប់គ្រងរបស់ខ្លួនរួមមានក្រុមស្តាំនិយមជ្រុល ដែលគាំទ្រការតាំងទីលំនៅ បានច្រានចោលភាពជារដ្ឋប៉ាឡេស្ទីនជាយូរមកហើយ។ នោះបានធ្វើឱ្យអ៊ីស្រាអែល មានការប្រឆាំងគ្នាជាមួយមហាអំណាចលោកខាងលិច ដែលគាំទ្រគោលដៅរបស់ខ្លួនក្នុងការកម្ចាត់ក្រុមហាម៉ាស ប៉ុន្តែចង់បានប្លង់មេការទូតច្បាស់លាស់ក្រោយសង្គ្រាម៕