
តុលាការកំពូលរបស់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃចន្ទ (ទី២៥ ខែមីនា) បានផ្អាកដីការបស់ខ្លួន ដែលនឹងរារាំងកម្មវិធីផ្ញើសារ Telegram នៅក្នុងប្រទេសនេះ ខណៈដែលខ្លួនកំពុងរង់ចាំរបាយការណ៍របស់នគរបាលស្តីពីផលប៉ះពាល់នៃការហាមឃាត់បណ្តោះអាសន្ន ដែលនឹងមានលើអ្នកប្រើប្រាស់។
កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមក ចៅក្រម លោក Santiago Pedraz បានយល់ព្រមផ្អាកសេវាកម្មរបស់ Telegram នៅអេស្ប៉ាញ ខណៈពេលដែលកំពុងស៊ើបអង្កេតការអះអាងរបស់ក្រុមហ៊ុនបណ្ដាញសង្គមមួយចំនួនដែលថា កម្មវិធីនេះបានអនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្ហោះមាតិការបស់ពួកគេដោយគ្មានការអនុញ្ញាត។ ការផ្អាកនេះនឹងត្រូវចូលជាធរមាន នៅថ្ងៃចន្ទនោះ។
ប៉ុន្តែលោក Pedraz កាលពីថ្ងៃចន្ទនោះ បានសម្រេចចិត្តបញ្ឈប់ការអនុវត្តបទបញ្ជានេះ ហើយជំនួសមកវិញនូវរបាយការណ៍របស់នគរបាលជាតិពាក់ព័ន្ធនឹង «លក្ខណៈក៏ដូចជាផលប៉ះពាល់របស់ Telegram ជុំវិញការផ្អាកបណ្តោះអាសន្ន ដែលអាចមានលើអ្នកប្រើប្រាស់»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់តុលាការ។
គួរបញ្ជាក់ថា ក្រុមហ៊ុនបណ្ដាញសង្គមនានា ដែលរួមមាន Atresmedia (A3M.MC), Mediaset (GETVF.PK), ក្រុមហ៊ុន EGEDA និងក្រុមហ៊ុន Telefonica (TEF.MC) បានប្តឹង Telegram ពីអ្វីដែលពួកគេពិពណ៌នាថា ជាការបន្តរំលោភលើសិទ្ធិអ្នកនិពន្ធនៅលើកម្មវិធីផ្ញើសារនេះ។ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ Telegram បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីនោះឡើយ៕