ក្រុមអ្នកស៊ើបអង្កេតមកពីក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) កាលថ្ងៃពុធ (ទី២៧ ខែមីនា) ត្រូវបានបញ្ចេញរូបភាពពីការត្រួតពិនិត្យលើនាវាដឹកទំនិញដែលមួយថ្ងៃមុននោះ បានធ្វើឲ្យស្ពានផ្លូវហាយវេ នៅទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក បាក់រលំ។
បើយោងតាមប្រធានក្រុមប្រឹក្សាសុវត្ថិភាព លោកស្រី Jennifer Homendyបានឲ្យដឹងថា ក្រុមការងារបានចាប់ផ្តើមពិនិត្យមើលព័ត៌មានដែលប្រមូលបានពី Voyage Data Recorder (ការថតទុកទិន្នន័យធ្វើដំណើរ) របស់នាវា ក្នុងនោះរួមទាំងចរាចរណ៍ការទាក់ទងតាមវិទ្យុ រវាងនាវិក និងអាជ្ញាធរដែលមានមូលដ្ឋាន នៅច្រាំងទន្លេដែលនាំទៅដល់ការកើតគ្រោះមហន្តរាយនេះ ក៏ដូចជាការសម្ភាសអ្នកបើកនាវា ២នាក់របស់នាវានេះ និងសមាជិកនាវិកធម្មតា ២១នាក់ ដែលកំពុងតែនៅលើនាវានោះ។
ការយល់ឃើញថ្មីអំពីគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរនេះ បានកើតឡើង ១ថ្ងៃ បន្ទាប់ពីនាវាដឹកកុងតឺន័រដ៏ធំដែលមានទង់ជាតិប្រទេសសិង្ហបុរីឈ្មោះ Dali បានបើកចេញពីកំពង់ផែ Baltimore ឆ្ពោះទៅប្រទេសស្រីលង្កាបានរាយការណ៍ថា ដាច់ចរន្តអគ្គិសនី និងមិនអាចផ្លាស់ទីបាន មុនទៅពេលបុកបង្គោលសសរជួយទ្រស្ពាន។
ផលប៉ះពាល់បាននាំឲ្យផ្នែកភាគច្រើនរបស់ស្ពានធ្លាក់ចូលទៅក្នុងមាត់ទន្លេ Patapsco ស្ទើរតែភ្លាមៗមួយរំពេច ដោយបានរាំងស្ទះផ្លូវដឹកជញ្ជូន និងបង្ខំឲ្យបិទគ្មានកំណត់ចំពោះកំពង់ផែ Baltimore ដែលជាច្រកផ្លូវដ៏មមាញឹកបំផុតមួយ នៅលើឆ្នេរសមុទ្រភាគខាងកើតរបស់សហរដ្ឋអាមេរិក៕