មនុស្សរាប់ពាន់នាក់បានឈរកាន់ដៃតគ្នា កាលពីថ្ងៃពុធ (ទី២៧ ខែមីនា) ដើម្បីបង្កើតជាខ្សែច្រវាក់មនុស្សនៅទីក្រុង Nashville រដ្ឋ Tennessee និងរំលឹកដល់ជនរងគ្រោះ ក្នុងវហេតុការណ៍បាញ់ប្រហារ នៅសាលាបឋមសិក្សាមួយ កាលពី ១ឆ្នាំមុន។
សូមរំលឹកថា កាលពីខែមីនាឆ្នាំមុន អតីតសិស្សអាយុ ២៨ឆ្នាំម្នាក់ បានសម្រុកចូលទៅក្នុងសាលាឯកជនមួយជាមួយនឹងកាំភ្លើងវែង ហើយបានសម្លាប់កុមារអាយុ ៩ឆ្នាំ ៣នាក់ រួមជាមួយបុគ្គលិក ៣នាក់ទៀត។ ការបាញ់ប្រហារនោះបានជំរុញឲ្យមានទាមទារនូវការគ្រប់គ្រងកាំភ្លើង និងនាំឲ្យមានការតវ៉ាទ្រង់ទ្រាយធំ នៅក្នុងរដ្ឋធានីរបស់រដ្ឋនេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក្រុមអ្នកតស៊ូមតិសុវត្ថិភាពកាំភ្លើង និងក្រុមគ្រួសារជនរងគ្រោះ បានប្រមូលផ្តុំគ្នា ហើយកាន់ដៃតគ្នា កាលពីថ្ងៃពុធ ដើម្បីរំលឹកដល់អ្នកដែលត្រូវបានសម្លាប់ និងជំរុញឲ្យអង្គនីតិប្បញ្ញត្តិរបស់រដ្ឋ Tennessee ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ធ្វើកំណែទម្រង់កាំភ្លើង។
គួបញ្ជាក់ដែរថា សហរដ្ឋអាមេរិកមានការធ្វើឃាតដោយអាវុធកម្រិតខ្ពស់ ក្នុងចំណោមប្រទេសប្រាក់ចំណូលខ្ពស់ ដែលមានប្រជាជនលើសពី ១០លាននាក់។ នេះបើយោងតាមវិទ្យាស្ថានសម្រាប់វាស់ស្ទង់ និងវាយតម្លៃសុខភាព នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រវ៉ាស៊ីនតោន (Washington School of Medicine)៕