ប្រធានាធិបតីវ៉្លាឌីមៀពូទីន បាននិយាយកាលពីថ្ងៃពុធថា រុស្ស៊ីគ្មានសញ្ញាណាមួយផ្ដោតលើប្រទេសសមាជិករបស់អង្គការណាតូ ហើយនឹងមិនវាយប្រហារលើប្រទេសប៉ូឡូ បណ្តារដ្ឋបាល់ទិក ឬសាធារណរដ្ឋឆេកឡើយ ។ប៉ុន្ដែ ប្រសិនបើលោកខាងលិចផ្គត់ផ្គង់យន្ដហោះចម្បាំងF-16 ឱ្យអ៊ុយក្រែន ពេលនោះ វា នឹងត្រូវកងទ័ពរុស្ស៊ីបាញ់ទម្លាក់ជាមិនខាន។
ការចូលលុកលុយរបស់រុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភ:ឆ្នាំ២០២២ បានធ្វើអោយវិបត្ដិទំនាក់ទំនងរបស់រុស្ស៊ីជាមួយលោកខាងលិច កាន់តែជ្រៅទៅៗចាប់តាំងពីវិបត្ដិមីស៊ីលគុយបាក្នុងឆ្នាំ១៩៦២
មក។
ថ្លែងទៅកាន់អ្នកបើកបរយន្ដហោះកងទ័ពអាកាសរុស្ស៊ី លោកពូទីន បាននិយាយថា បក្សសម្ព័នយោធាដែលដឹកនាំដោយអាមេរិក បានពង្រីកខ្លួនឆ្ពោះមករករុស្ស៊ីចាប់តាំងពីការដួលរលំសហភាពសូវៀតក្នុងឆ្នាំ១៩៩១មក ប៉ុន្ដែបានបញ្ជាក់ថា ក្រុងម៉ូស្គូ មិនមានផែនការវាយប្រហារលើរដ្ឋដែលជាសមាជិកណាតូឡើយ។
វិមានក្រឹមឡាំងដែលចោទសហរដ្ឋងាមេរិកថាកំពុងប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ដោយកំពុងគាំទ្រអ៊ុយក្រែន ជាមួយការផ្ដល់ប្រាក់ អាវុធ និងការស៊ើបការ និយាយថា ទំនាក់ទំនងជាមួយក្រុងវ៉ាស៊ិនតោនប្រហែលជា បានធ្លាក់ចុះទាបបំផុតមិនធ្លាប់មាន។
នៅពេលគេសួរអំពីយន្ដហោះចម្បាំងF-16 ដែលលោកខាងលិច បានសន្យាបញ្ជូនទៅអោយអ៊ុយក្រែននោះ លោកពូទីនបាននិយាយថា យន្ដហោះប្រភេទនេះ នឹងមិនបានធ្វើអោយស្ថានការណ៍នៅក្នុងអ៊ុយក្រែនផ្លាស់ប្ដូរឡើយ។
លោកពូទីននិយាយថា យន្ដហោះចម្បាំង F-16 ក៏អាចដឹកអាវុធនុយក្លេអ៊ែរបានដែរ។