ក្រសួងការពារជាតិចិន នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែមីនា) នេះ បាននិយាយថា ខ្លួនបានរំលឹកឡើងវិញនូវការប្រឆាំងរបស់ទីក្រុងប៉េកាំង ចំពោះកិច្ចព្រមព្រៀងយោធា AUKUS រវាងអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួង លោក Wu Qian បានប្រាប់ថា ភាពជាដៃគូនេះ គឺ «ធ្វើឲ្យមានការប្រឈមមុខគ្នាខាងយោធាយ៉ាងខ្លាំងក្លា តាមរយៈកិច្ចសហប្រតិបត្តិការយោធា»។
គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលីបាននិយាយកាលពីថ្ងៃទី២១ ខែមីនាថា ខ្លួននឹងចំណាយប្រាក់រាប់ពាន់លានដុល្លារលើកំពង់ផែ រោងចក្រសាងសង់នាវា និងរោងចក្រនានានៅក្នុងប្រទេស និងក្នុងប្រទេសអង់គ្លេសសម្រាប់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក្រោមកិច្ចព្រមព្រៀងសន្តិសុខ AUKUS ហើយបានជ្រើសរើសក្រុមហ៊ុន BAE Systems របស់ចក្រភពអង់គ្លេស ដើម្បីជួយសាងសង់នាវា។
កិច្ចព្រមព្រៀង AUKUS ក្នុងចំណោមប្រទេសអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក ក៏នឹងឃើញអូស្ត្រាលីទិញនាវាមុជទឹកនុយក្លេអ៊ែរផងដែរ រហូតដល់ទៅ ៧គ្រឿង ពីទីក្រុងវ៉ាស៊ីនតោន នៅដើមទសវត្សរ៍ឆ្នាំ២០៣០ មុនពេលមានការរួមគ្នាសាងសង់ និងប្រតិបត្តិការកម្រិតថ្មី SSN-AUKUS ជាមួយចក្រភពអង់គ្លេស ក្នុងរយៈពេលប្រហែល ១ទសវត្សរ៍ក្រោយ៕