នៅថ្ងៃទី២៩ ខែមីនានេះ ក្រុមសិស្សសាលាមធ្យមសិក្សាវិចិត្រសិល្បៈជាច្រើនក្រុម បាននាំបន្តការហាត់សមឲ្យត្រូវតាមទម្រង់របាំត្រុដិ ដើម្បីត្រៀមចេញរាំសម្តែង លើករាសី និងបណ្តេញគ្រោះឧបទ្រពចង្រៃ នៅតាមកេហដ្ឋាន ស្ថាប័នរដ្ឋ ឯកជន និងតាមកន្លែងធ្វើការងារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឈានចូលមកដល់ខាងមុខនេះ។
លោក ហេង កំសាន្ត នាយកសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ថ្លែងថា ក្រោយពីថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងឯកជន និងគ្រួសារពលរដ្ឋខ្មែរជាច្រើន បានគាំទ្រ និងនាំគ្នាទាក់ទងក្រុមរបាំត្រុដិនៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈអញ្ជើញទៅសម្តែងច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកនៅពេលនេះក្រុមសិល្បករ សិល្បៈជាច្រើនក្រុម ជាពិសេសក្រុមរបាំត្រុដិ គឺបាននាំគ្នាហ្វឹកហ្វឹក និងហាត់សម ត្រូវទម្រង់របំាត្រុដិពិតប្រាកដ ដើម្បីរាំ សម្តែងជូនពរ លើករាសី ផ្តាច់គ្រោះ ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី និងបណ្តេញឧបទ្រពចង្រៃចេញពីកេហដ្ឋាន និងកន្លែងធ្វើការងារ ប្រកបអាជីវកម្មនានា។
លោកឱ្យដឹងថា ការហាត់សមរបាំត្រុដិនេះ មានតួសម្ដែងច្រើនគ្នា ដូចជា តួសត្វប្រើស ព្រានព្រៃ យក្ស ព្រាយស្រីក្រចកវែង សត្វក្ងោក សត្វទន្សោង ហែហមកំដរដោយក្រុមអ្នកវាយស្គរដៃ ក្រុមអ្នកបុកកញ្ជែះដែលមានចងចង្ក្រង់ នារីអ្នកកាន់ឈើក្បាច់ក្បាលនាគចងដោយថង់ក្រណាត់ និងបុរសអ្នកច្រៀងគោលដឹកនាំក្រុមរបាំ ហើយច្រៀងបន្ទរដោយក្រុមអ្នកសម្ដែងទាំងអស់គ្នាទៅតាមចង្វាក់ តាមវគ្គឃ្លានៃចម្រៀង ហើយត្រូវបានពលរដ្ឋខ្មែរ តែងនិយមអញ្ជើញចូលរាំ សម្តែងតាំងពីយូរយ៉ាណាស់ហើយ។
លោក ហេង កំសាន្ត បញ្ជាក់ថា ក្រៅពីការហាត់សមរបាំត្រុដិ ក្រុមសិស្ស តាមផ្នែកទាំងអស់គ្នា ក៏នាំគ្នាហាត់សមការរាំឲ្យត្រូវក្បាច់បុរាណស្រុះគ្នាល្អ និងហាត់សមប្រភេទរបាំនានាទៀតជាច្រើន ត្រៀមសម្តែងសិល្បៈចំរុះឈុតធំ ជូនមហាជនចូលទស្សនា នៅក្នុងសាលាមធ្យមសិក្សាវិចិត្រសិល្បៈ នៅថ្ងៃទី១ និងថ្ងៃទី២ ខែមេសា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរផងដែរ៕ អត្ថបទ ស៊ុម សុខជា