អាជ្ញាធរឧតុនិយមរបស់ប្រទេសម៉ាដាហ្គាស្កា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស១៤នាក់បានស្លាប់ និង ៣នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីព្យុះស៊ីក្លូនត្រូពិក ហ្កាម៉ាណេ(Gamane) បានបោកបក់ដល់ដីគោកប្រទេសម៉ាដាហ្គាស្កា ខណៈមនុស្ស ៣នាក់ផ្សេងទៀត នៅបាត់ខ្លួននៅឡើយ។
ការិយាល័យជាតិសម្រាប់ការគ្រប់គ្រងហានិភ័យនិងគ្រោះមហន្តរាយរបស់ប្រទេសម៉ាដាហ្គាស្កា បាននិយាយថាព្យុះស៊ីក្លូន Gamane បានបោកបក់ដល់ដីគោកនៅភាគខាងជើងប្រទេសកាលពីព្រឹកថ្ងៃពុធ ដោយនាំមកនូវខ្យល់បក់ជាមធ្យមក្នុងល្បឿន ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង និងសន្ទុះខ្យល់ មានល្បឿនជាង ២១០គីឡូម៉ែត្រក្នុងមួយម៉ោង លាយឡំដោយភ្លៀងធ្លាក់ខ្លាំង។
ប្រជាជនសរុបចំនួន ៣៦.៣០៧ នាក់ រួមមាន ៩.០២៤ គ្រួសារ បានរងផលប៉ះពាល់ដោយព្យុះស៊ីក្លូន ដែលបានបំផ្លិចបំផ្លាញតំបន់ចំនួន ៧ របស់ប្រទេស។ មនុស្សប្រមាណ ១៨.៥៦៥នាក់ ឬ ៤.៨៤៩គ្រួសារ ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញ និងស្វែងរកទីជម្រកនៅក្នុងកន្លែងសង្គ្រោះបន្ទាន់ចំនួន ៦៨កន្លែង ដែលត្រូវបានដាក់ពង្រាយនៅពាសពេញតំបន់ផ្សេងៗគ្នា។
យោងតាមការិយាល័យជាតិសម្រាប់ការគ្រប់គ្រងហានិភ័យនិងគ្រោះមហន្តរាយរបស់ប្រទេសម៉ាដាហ្គាស្កា បានឱ្យដឹងថា ទឹកជំនន់ដែលបានបន្តកើតឡើងក្រោយមក បណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ ដោយបានជន់លិចលំនៅឋានចំនួន ៦.៦៧៥ ខ្នង និងជនលិចវាលស្រែ ខណៈលំនៅឋាន៦១៧ខ្នង ត្រូវបានបំផ្លាញទាំងស្រុង។