អតីតអធិការបតីអាល្លឺម៉ង់ លោក Gerhard Schröder និយាយថា ខ្លននៅតែអាចស្រមៃថា មិត្តភាពរបស់ខ្លួនជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន អាចរួមចំណែកដល់ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
លោក Schröder បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន dpa ថា៖«យើងបានធ្វើការជាមួយគ្នាយ៉ាងសមហេតុផលអស់រយៈពេលជាច្រើនឆ្នាំ ហើយប្រហែលជាវានៅតែអាចជួយក្នុងការស្វែងរកការចរចារកដំណោះស្រាយ ខ្ញុំមិនទាន់រកឃើញវិធីផ្សេងទៀតទេ»។
លោក Schröder ជាមិត្តនឹងលោកពូទីន តាំងពីពេលលោកធ្វើជាអធិការបតីពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៥ ហើយបន្តធ្វើការឲ្យក្រុមហ៊ុនរុស្ស៊ីភាគច្រើនដែលប្រតិបត្តិការបំពង់បង្ហូរប្រេង Nord Stream ឆ្លងកាត់សមុទ្របាល់ទិក។ ទោះបីជាលោក បានពណ៌នាការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនថាជា «កំហុសដ៏ធ្ងន់ធ្ងរ” ប៉ុន្តែលោកមិនបានបោះបង់ចោលលោកពូទីននោះទេ។
ថ្នាក់ដឹកនាំនៃគណបក្សសង្គមប្រជាធិបតេយ្យរបស់លោក បានធ្វើឲ្យលោកក្លាយជាមនុស្សមិនសំខាន់ សម្រាប់ហេតុផលនេះ ប៉ុន្តែនីតិវិធីនៃការបណ្តេញលោកចេញ បានបរាជ័យ។
នៅពេលត្រូវបានសួរថាហេតុអ្វីបានជាលោករក្សាមិត្តភាពរបស់ខ្លួន ជាមួយប្រធានាធិបតីរុស្ស៊ីរូបនេះ ទោះបីជាមានការស្លាប់រាប់ម៉ឺននាក់ និងឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីនៅក្នុងសង្គ្រាមអ៊ុយក្រែនក៏ដោយ លោក Schröder បានឆ្លើយតបថា៖«វាជាការពិតដែលថា នេះគឺជាទស្សនវិស័យដែលខុសគ្នា»។