
សហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យមានការបញ្ចូនគ្រាប់បែក និងយន្តហោះចម្បាំងតម្លៃរាប់ពាន់លានដុល្លារទៅកាន់អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។
ការបញ្ជូនគ្រឿងយុទ្ធោបករណ៍បែបនេះ បានធ្វើឡើង បើទោះបីជាមានក្តីកង្វល់កើនឡើងរបស់ទីក្រុងវ៉ាស៊ីងតោនចំពោះលទ្ធភាពនៃការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុង Rafah ជាកន្លែងដែលជនប៉ាឡេស្ទីនជាង ១លាននាក់ កំពុងជ្រកកោន ។
ទោះបីជាយ៉ាងណាក៏ដោយ ឧត្តមសេនីយ៍ជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយកាលថា ទីក្រុងវ៉ាស៊ីងតោន មិនបានបញ្ជូនអាវុធយោធា ដែលបានស្នើសុំទាំងអស់ទៅកាន់ប្រទេសអ៊ីស្រាអែលនោះទេ ខណៈដែលការប្រយុទ្ធដ៏ឃោរឃៅនៅតំបន់ហ្កាហ្សា នៅតែបន្តជាជម្លោះដែលបាននាំឲ្យមានការថ្កោលទោសពីភាគីទាំងពីរទៅលើចំណាត់ការផ្នែកនយោបាយនេះ ។
លោក Charles Q. Brown ប្រធានអគ្គសេនាធិការចម្រុះរបស់សហរដ្ឋអាមេរិក បាននិយាយកាលថា ទោះបីជាយើងបានគាំទ្រពួកគេដោយសមត្ថភាពក៏ដោយ ក៏ពួកគេមិនបានទទួលអ្វីគ្រប់បែបយ៉ាង ដែលពួកគេស្នើសុំនោះដែរ ។
សូមបញ្ជាក់ថា អ៊ីស្រាអែល បានរងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិសម្រាប់យុទ្ធនាការទម្លាក់គ្រាប់បែក និងការវាយប្រហារជើងគោកនៅតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សជាង ៣២.៧០០នាក់ ៕