ស៊ីហ្គេម៖ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានបន្ដបើកកិច្ចប្រជុំប្រចាំសប្ដាហ៍ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ពិសេសពិនិត្យរបាយការណ៍បូកសរុបការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ស្របពេល CAMSOC គ្រោងរៀបចំប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នាពេលខាងមុខ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានផ្ដោតសំខាន់លើការដោះស្រាយបញ្ហាប្រឈមនានា ក្នុងបរិបទកូវីដ-១៩ ដើម្បីធានាបាននូវភាពរឹងមាំក្នុងការត្រៀមខ្លួន ឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាឆ្នាំ២០២៣។ ចំពោះរបាយការណ៍បូកសរុបការងារ និងលើកទិសដៅបន្ដវិញ កិច្ចប្រជុំបានកែសម្រួលនូវចំណុចមួយចំនួនមកនៅគោលដៅធំៗចំនួន ៤ ប៉ុណ្ណោះ ដូចជាបង្ហាញសមិទ្ធផលការងារ ការដោះស្រាយលើកត្តាប្រឈម សេចក្តីសន្និដ្ឋាន និងសំណូមពរផ្សេងៗ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានជំរុញឲ្យគណៈកម្មការជំនាញនានាបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រួចគោលដៅដ៏ធំចម្បងរបស់ខ្លួន ធ្វើយ៉ាងណាឲ្យដំណើរការនៃការទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជាផងដែរ៕
អត្ថបទ៖ លី ឈុនឡា